កំពតៈ កាស៊ីណូមួយ នៅច្រកទ្វេភាគីតន់ហន់ ស្ថិតក្នុងស្រុកកំពង់ត្រាច នៅថ្ងៃទី២៣ ខែសីហានេះ ត្រូវបានគេរាយការណ៍មកថា កំពុងបើកឲ្យប្រជាពលរដ្ឋចូលលេងយ៉ាងច្រើនកុះករ ខណៈដែលមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនៅឡើយ។
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយនេះ មានម្ចាស់ឈ្មោះ ពៅ មានតួនាទីជាទាហានផ្កាយ២ ហើយកាស៊ីណូមួយនេះ មិនមានច្បាប់អ្វីឡើយ ស្រាប់តែប្រជាពលរដ្ឋមួយចំនួន ចូលទៅលេងនៅថ្ងៃទី២៣ សីហានេះតែម្ដង។
ករណីនេះ អ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោក អូន ខន អភិបាលស្រុកកំពង់ត្រាចដើម្បីសុំការបំភ្លឺ ទូរស័ព្ទចូល តែពុំមានអ្នកលើក។
ចំណែកលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អ្នកសារព័ត៌មានយើង ក៏បានទូរស័ព្ទទៅដែរ តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។ ដោយឡែកលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ទូរស័ព្ទរបស់លោក ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរពាក់ព័ន្ធករណីខាងលើនេះ។
ប្រជាពលរដ្ឋនៅទីនោះ បានដឹងថា កាស៊ីណូមួយនេះ សាងសង់អស់រយៈពេលជាយូរខែកន្លងមកហើយ ទើបតែបើកលេងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះទេ ទោះបីជាមានច្បាប់មិនមានច្បាប់ក៏ដោយ តែការស៊ីណូនេះ មានជនជាតិខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងបាត់ហើយ៕


