Sponsor

កំពតៈ ស្ករសរាប់ពាន់តោន ត្រូវបានពលរដ្ឋខ្មែរដឹកជញ្ជូន តាមច្រករបៀងមួយកន្លែង ខាងកើតព្រំដែន ច្រកទ្វារអន្តរជាតិ ព្រែកចាក មានចម្ងាយមាណជាងមួយគីឡូកន្លះ។

ស្ករសរាប់ពាន់តោន ក្នុងមួយថ្ងៃៗ ដែលពលរដ្ឋខ្មែរ ដឹកជញ្ជូនយកទៅ ដាក់នៅមាត់ព្រែក ត្រៀមដឹកឆ្លងដែន ចូលទៅប្រទេសវៀតណាមនោះ ត្រូវបានរាំងស្ទាក់ពីអាជ្ញាធរវៀតណាមទៅវិញ។

ពលរដ្ឋម្នាក់ ឈ្មោះ ជា ភារ៉ាត់ អាយុ៤១ឆ្នាំ ជាកម្មករជញ្ជូនស្ករសចុះទូក នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច បាននិយាយប្រាប់អោយដឹងថា ស្ករសនេះ ត្រៀមដឹកចេញ តាមទូក នៅពេលយប់ ព្រោះពេលថ្ងៃដឹកចេញមិនបានទេ។

កម្មករឈ្មោះ ជា ភារ៉ាត់ និយាយប្រាប់ថា ការរឹតបន្តឹងរបស់អាជ្ញាធរវៀតណាមចាប់ស្ករស ពលរដ្ឋខ្មែរ ស៊ីឈ្នួលដឹកជញ្ជូនឆ្លងដែននេះ ទើបតែប៉ុន្មានខែនេះទេ ខណៈវៀតណាម បានជីកធ្វើផ្លូវក្រវ៉ាត់ព្រំដែន។

កម្មកម្នាក់ទៀត ឈ្មោះ សែត សាយ អាយុ១៩ឆ្នាំ រស់​នៅភូមិថ្កូវ និយាយថា ពលរដ្ឋខ្មែរ នៅតាមព្រំដែន គ្មានមុខរបរអ្វីក្រៅពីស៊ី​ឈ្នួល ដឹកជញ្ជូនអី​វ៉ាន់ឆ្លងដែនទេ។

កម្មកវ័យក្មេងរូបនោះ និយាយប្រាប់អោយដឹងទៀតថា ស្ករសដឹកជញ្ជូនតាម​មាត់ទឹកនេះ បើដឹកតាមទូកឆ្លងដល់ត្រើយម្ខាង គឺ​ដល់ភូមិសាស្រ្ត ខេត្តគៀងយ៉ាង ស្ករសមួយបាវតម្លៃស្នួល២ពាន់រៀល។

ឈ្មោះ សែត សាយ ជាកម្មករ បាននិយាយទាំងទឹកមុខស្រពាប់ស្រពោនថា ស្ករសនេះ បើដឹកពេលថ្ងៃ នគរបាលវៀតណាមពិតជាដេញចាប់ហើយ​ ប៉ុន្តែសម្រាប់ចុះទៅពេយប់ ក៏អាចគេដេញចាប់ដែរ។

កម្មកររូបនេះនិយាយថា ទោះជាមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏ពលរដ្ឋខ្មែរ នៅតែប្រឹងប្រែងដឹកជញ្ជូនតាមផ្លូវទឹកនៅពេលយប់។

បើយោងតាមការអះអាងពីមន្ត្រីនគរបាលការពារព្រំដែនគោកវរលេខ 601បានប្រាប់ អោយដឹងថា ពីមុនៗពលរដ្ឋខ្មែរអាចដឹកស្ករសតាមទូកពេលថ្ងៃបានខ្លះៗ តែប៉ុន្មានខែនេះ ខាងវៀតណាម បានដាក់កម្លាំង​ពិសេសតាមមាត់ទឹក គឺមិនអនុញ្ញាតអោយពលរដ្ឋខ្មែរ ជញ្ជូនស្ករស ចូលបានដូចមុនទៀតទេ តែចន្លោះប្រហោងយប់ខ្លះអាចចូលបានដែរ។

មន្ត្រីនគរបាល មកពីវរលេខ601បាននិយាយថា ភាពតានតឹង ទើបតែខាងភាគីវៀតណាម បានជីកធ្វើផ្លូវក្រវ៉ាត់ព្រំដែននោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor