
ភ្នំពេញៈ មន្ត្រីនគរបាលយុត្តិធម៌ ពាក់ស័ក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រើហិង្សា និងជេរម្រាយអ្នកសារព័ត៌មាន TVFB ខណៈកំពុង Live ព័ត៌មានទាន់ហេតុការណ៍ ករណីរថយន្តទំនើប បើកបុកខឿន អាចជាឡានអ្នកធំ ,អ្នកមាន ,អ្នកមានអំណាច ទើបលោកអធិការរងរូបនេះ ព្យាយាមអោយបញ្ឈប់ការ Live តែអ្នកសារព័ត៌មានមិនអោយដាច់សាច់រឿង ក៏ Live បន្ត ធ្វើអោយលោកអធិការរង ឆេះដុំ ឆួលច្រមុះក្តៅស្លឹកត្រចៀក ក្តៅក្រហាយ ទប់កំហឹងមិនបាន បោះការអនុវត្តច្បាប់ចោលក្នុងទឹកទន្លេបាសាក់ ហើយចាប់យកច្បាប់ព្រៃមកអនុវត្ត បញ្ចេញកណ្តាប់ដៃទះកំផ្លៀងបុគ្គលិក TFTV ភ្លាមៗ។
ករណីប្រើហិង្សាបង្កដោយលោកស័ក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ ខណៈមានករណីរថយន្ត Range Rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 2AF-8899 បើកបុកខឿនសួនច្បារខូចខាតហើយ ព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្តនោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅ ។
ពេលនោះ មានក្រុមអ្នកសារព័ត៌មាន TVFB បានថត Live ក៏លេចមុខលោកស័ក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ មកគំរាមអ្នកសារព័ត៌មាន ដោយបានទះមួយកំផ្លៀង ជេរគេសុទ្ធតែ “អាចុយម្រ៉ាយ” រួចទាញយកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀតផង ដោយនិយាយថា “មេតេមក”។
មជ្ឈដ្ឋានទូទៅជាច្រើន រង់ចាំមើលថា តើលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះលោក ឯក សារ៉ន? ហើយករណីនេះជនរងគ្រោះត្រូវបានដាក់បណ្តឹង ឬបានសម្របសម្រួលគ្នាបញ្ចប់រឿងយ៉ាងនោះទេ គ្រាន់តែខាងបុគ្គលិកTFTV បាននិយាយយ៉ាងខ្លីថា៖ «ត្រូវទ្រាំនឹងការប្រមាថទាំងអស់អោយបានក្រុមការងារTVFB»៕





