
ភ្នំពេញៈ លោក Zhao Shucong នាយកអង្គការ លេខាធិការដ្ឋានបណ្តាញ អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការគ្រប់គ្រងព្រៃឈើ ដោយនិរន្តរភាព (APFNet) នៃប្រទេសចិន បានថ្លែងថា ចិននឹងបន្តជួយស្តារការគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃនៅកម្ពុជាឡើងវិញ យ៉ាងមានប្រសិទ្ធិភាព។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក Zhao Shucong បានឲ្យដឹងថា កម្ពុជា-ចិន ក៏គ្រោងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជ ឈើសំខាន់ៗនិងមានតម្លៃ នៅកម្ពុជា។
លោកថា “អង្គការ APFNet នឹងពិនិត្យលទ្ធភាព ក្នុងការបន្តការគាំទ្រជំហានទីពីរ ព្រោះយល់ឃើញថា គម្រោងបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងគ្រប់គ្រងស្តារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញ យ៉ាងមានប្រសិទ្ធភាព”។
លោកបន្ដថា កម្ពុជា-ចិន នឹងរួមគ្នា បង្កើតមជ្ឈមណ្ឌលមួយ ក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះ មានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារ ហើយគ្រោងនឹងអនុវត្ត ក្នុងឆ្នាំ២០២០ ខាងមុខ ។
ជាការឆ្លើយតប លោក វេង សាខុន អំណរគុណ ចំពោះរដ្ឋាភិបាលចិន និងជាពិសេសអង្គការ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។
ក្នុងទិសដៅស្តារគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃឈើជាតិឡើងវិញ លោក បន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការ បានកំណត់យកទិសដៅជាអាទិភាព និងកំពុងខិតខំប្រឹងប្រែង ជំរុញជាខ្លាំង ដោយបានយកអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” មកអនុវត្ត។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកកម្ម និងអង្គការ APFNet បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ហើយគម្រោងគាំទ្រមានចំនួន៤ ដែលមានថវិកាសរុប ជាង ៧,៨លានដុល្លារមានដូចជា៖
ទី១. ស្តីពី “មុខងារចម្រុះ នៃការងារស្តារព្រៃឈើ និងការគ្រប់គ្រង តំបន់ព្រៃឈើរិចរឹលនៅកម្ពុជា” ។
ទី២. គម្រោងស្តីពី “ការរៀបចំផែនការ គ្រប់គ្រងព្រៃឈើ នៅតំបន់ទីជម្រាលស្ទឹងព្រែកត្នោត ផ្អែកលើផែនទេសភាព” ។
ទី៣. គម្រោងស្តីពី “ការធ្វើសមាហរ័ណកម្ម នៃការធ្វើផែនការ គ្រប់គ្រង ប្រព័ន្ធ អេកូឡូស៊ីព្រៃឈើ និងគម្រោងបង្ហាញ នៅមហាអនុតំបន់មេគង្គ”។
និងទី៤. គម្រោងស្តីពី “ការបង្កើតមជ្ឈមណ្ឌល បង្កាត់ពូជឈើ មានតម្លៃនៅកម្ពុជា”៕



