
ភ្នំពេញៈ ជនបរទេសស្បែកខ្មៅម្នាក់ ចូលទៅម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ តែត្រូវបានគេលួចលុយអស់៥០ដុល្លារ ខណៈទៅសួរនាំភាគីហាងម៉ាស្សា ក៏មានការឈ្លោះប្រកែកគ្នា រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើន នឹងមានសមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសួរនាំភ្លាមៗ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
ប្រជាពលរដ្ឋក្បែរនោះ ដែលបានសាកសួរទៅលើជនបរទេសខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលទៅទីតាំងម៉ាស្សាខាងលើតែម្នាក់ឯង ដោយទើបតែម៉ាស្សាបានបន្តិច ក៏ឃើញគេលួចយកលុយរបស់ខ្លួនអស់៥០ដុល្លារ ភ្លាមនោះរូបគាត់ ក៏ដើរទៅសួរនាំដល់ហាង ហើយយកទូរស័ព្ទនារីម៉ាស្សាក្នុងហាងនោះ១គ្រឿង ដើម្បីប្តូរយកលុយវិញ តែខាងហាងមិនព្រមអោយលុយវិញ ថែមទាំងរកវាយគាត់ទៀត។
ប្រភពដដែលបន្តថា ខណៈប្រជាពលរដ្ឋក្បែរនោះឃើញហេតុការណ៍នេះ ក៏រត់ទៅសួរនាំជនបរទេសខាងលើ ទើបមួយសន្ទុះក្រោយមក លោកនាយប៉ុស្តិ៍ស្តីទីសង្កាត់ផ្សារចាស់ចុះមកដល់ កន្លែងកើតហេតុ នាំភាគីទាំងសងខាងទៅប៉ុស្តិ៍សួរនាំ ដើម្បីអោយបានដឹងរឿងលម្អិត។
ពេលលោកនាយប៉ុស្តិ៍ស្តីទី នាំភាគីទាំងសងខាងទៅដល់ប៉ុស្តិ៍ បែរជាមិនអោយអ្នកសារព័ត៌មានជាច្រើន ចូលនឹងឈរថតមុខប៉ុស្តិ៍ ដើម្បីធ្វើការផ្សព្វផ្សាយទៅវិញ ធ្វើអោយប្រជាពលរដ្ឋមានការសង្ស័យថា ទីតាំងម៉ាស្សាខាងលើ ពាក់ព័ន្ធអ្វីជាមួយលោកនាយប៉ុស្តិ៍ស្តីទី បានព្យាយាមដេញអ្នកសារព័ត៌មានជាច្រើបែបនេះទៅវិញ។
ក្រោយសមត្ថកិច្ចសាកសួរចប់ ម្ចាស់ហាងម៉ាស្សាខាងលើ បញ្ជាក់ថា អ្នកដែលលួចលុយរបស់ជនបរទេសខាងលើ គឺមិនមែននារីម៉ាស្សាក្នុងហាងគាត់ឡើយ គឺជាអ្នកដទៃប៉ុណ្ណោះ។ ម្ចាស់ហាងម៉ាស្សាបន្តថា ដោយហេតុជនបរទេសបាត់លុយក្នុងហាងរបស់គាត់ គាត់សុខចិត្តចេញលុយសងដល់ជនបរទេស ដើម្បីបញ្ចប់រឿងកុំអោយវែងឆ្ងាយតទៀត៕





