header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ម៉ាក​កាមរីហាយប្រ៊ីដ​(HYBRID) ក្នុងល្បឿនលឿន ខណៈមេឃកំពុងរលឹមភ្លៀងស្រិចៗ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះឡើងកលជាប់រថយន្តបាស់ជើង បើកទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃព្រហស្បតិ៍ត ទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្តុបគីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រីត (CAMRY HYBRID) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-2929 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើ​តទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវ១៤៣ ស្តុបគីរីរម្យ ស្រាប់តែរេចង្កូតទៅបុកហោះឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវស្ដែងៗតែម្ដង បណ្ដាលឲ្យរថយន្តបាស់កង់មុខកលជាប់ ទ្រូងផ្លូវដូចគេលើកដាក់ បើកទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសនោះទេ តែបន្តិចក្រោយមកគេឃើញម្ចាស់រថយន្ត បានបើកទ្វារលោតចុះមក ហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល មុនសមត្ថកិច្ចចុះមកដល់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង  ហើយស្ទួចយករថយន្តបង្កយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្ត  អោយចូលខ្លួនដោះស្រាយតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post