Sponsor

ព្រៃវែងៈ ប្រជាពលរដ្ឋ៣ភូមិ នៅក្នុងឃុំព្រៃកណ្តៀង ស្រុកពាមរក៌ បានលើកគ្នាបិទផ្លូវជាតិលេខ១១ បណ្តាលឲ្យ​មានការកកស្ទះរថយន្តរាប់រយគ្រឿង កាលពីព្រឹកថ្ងៃទី២៩ សីហា ដោយ ​ទាមទារឲ្យ​អាជ្ញាធរជួយដោះស្រាយបញ្ហារបស់ពួកគាត់។

ពលរដ្ឋទាំងនោះ បានចោទប្រកាន់ទៅលើពលរដ្ឋ១គ្រួសារ ដែលមានប្តីឈ្មោះ ម៉ៅ ហេង និងប្រពន្ធឈ្មោះ បួន ឆេង ថា បានចាក់ដីរំលោភយកប្រឡាយទឹក និងសាលាឆទាន ដែលជាសម្បត្តិសាធារណៈ និងបានបណ្តាលអោយដីស្រែរបស់ពួកគាត់ចំនួន៣ភូមិ គឺភូមិពន្លៃ ភូមិស្តៅ និងភូមិព្រៃកណ្តៀង ត្រូវទឹកជន់លិចរាល់ឆ្នាំ ពេលមានភ្លៀងធ្លាក់ ដោយសារតែប្រឡាយទឹកត្រូវគេចាក់ដីលុប។

ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ថា គ្រួសារអ្នកស្រី បួន ឆេង បានចាក់ដីរំលោភយកប្រឡាយទឹក និងសាលាឆទាន តាំងពីឆ្នាំ២០១៦មកម្លេះ ហើយកាលណោះពួកគាត់បាននាំគ្នាដាក់ពាក្យប្តឹងទៅអាជ្ញាធរឃុំដែរ តែដោះមិនចេញ ទើបឃុំរុញរឿងទៅស្រុក រួចក៏ស្ងាត់បាត់រហូតតែម្តង ទើបនៅព្រឹកថ្ងៃទី២៩ សីហានេះ អ្នកភូមិទាំង៣ភូមិនាំគ្នាមករៀបឥដ្ឋធ្វើរបងការពារដីសាលាឆទាន និងមានបំណងធ្វើសាលាឆទានថ្មីតែម្តង ប៉ុន្តែត្រូវគ្រួសារអ្នកស្រី បួន ឆេង មកធាក់បំផ្លាញរបង ដែលអ្នកស្រុកកំពុងរៀងធ្វើ ទើបធ្វើអ្នកស្រុកក្តៅក្រហាយ ក៏នាំគ្នាយកគោយន្ត និងរថយន្តធំមកដាក់បិទផ្លូវតែម្តង ដើម្បីអោយអាជ្ញាធរចេញមកដោះស្រាយ។

ដោយឡែកគ្រួសារអ្នកស្រី បួន ឆេង ដែលរងនូវការចោទប្រកាន់នោះ បានអោយដឹងថា គាត់មិនបានចាក់ដីរំលោភយកដីប្រឡាយទេ ចំណែកទីតាំងដីសាលាឆទាននោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់គាត់ គឺគាត់មានប្លង់រឹង ដែលចេញដោយអាជ្ញាធរ និងមន្រ្តីជំនាញត្រឹមត្រូវ ហើយសាលាឆទាននោះ គឺគាត់ជាអ្នកសាងសង់ឡើងទេ ក្នុងបំណងទុកសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ បានចូលជ្រកម្លប់ជ្រកភ្លៀង ហើយក៏មិនទាមទារយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ។ អ្នកស្រី បួន ឆេង បានបញ្ជាក់ថា រឿងអ្នកភូមិទាំងអស់នាំគ្នាតវ៉ានេះ គឺ​ដោយសារតែមានមនុស្សមួយក្រុម ដែលស្អប់គ្រួសារអ្នកស្រី ជាអ្នកចាក់រុកនៅពីក្រោយ ញុះញុងអោយអ្នកភូមិយល់ច្រឡំស្អប់គ្រួសារអ្នកស្រី តែអ្នកស្រីមិនខឹងនោះទេ គ្រាន់តែសុំអោយខាងអាជ្ញាធរជួយរកយុត្តិធម៌អោយគ្រួសារអ្នកស្រីផង។

ក្នុងពេលដែលអ្នកភូមិនាំគ្នាបិទផ្លូវជាតិលេខ១១នោះ នៅវេលាម៉ោង១រសៀល គេឃើញអាជ្ញាធរស្រុក និងខេត្ត បានចុះទៅអន្តរាគមន៍​ផងដែរ ដោយបានលួងលោមអោយប្រជាពលរដ្ឋស្ងប់ចិត្ត ហើយបើកផ្លូវជាតិលេខ១១ អោយមានចរាចរណ៍ឡើងវិញ កុំអោយកកស្ទះតទៅទៀត។

លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៌ បានអោយដឹងថា បញ្ហានេះលោកស្រីមិនដែលទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទេ ព្រោះលោកស្រីទើបតែឡើងកាន់តំណែងថ្មី ឯរឿងនេះជារឿងចាស់ កើតកាលសម័យអភិបាលស្រុកមុន ដូច្នេះទើបលោកស្រីមិនបានដឹង។ ទោះជាបែបនេះក្តី លោកស្រីមិនព្រងើយកន្តើយនោះទេ លោកស្រីនិងកោះអញ្ជើញភាគីពាក់ពន្ធ័ទាំងសងខាង ដើម្បីធ្វើការដោះស្រាយបញ្ចប់បញ្ហានេះអោយបានលឿនបំផុត ប៉ុន្តែចំពោះមុខពេលនេះ លោកស្រីស្នើអោយបងប្អូនប្រជាពលរដ្ឋស្ងប់អារម្មណ៌សិន ហើយជួយបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងការសម្រួលចរាចរណ៌លើផ្លូវជាតិលេខ១១ឡើងវិញ ដើម្បីកុំអោយមានការកកស្ទះប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃ ដែលធ្វើដំណើរឆ្លងកាត់។

គួរបញ្ជាក់ផងដែរថា ចរាចរណ៌នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រូវបានបិទនិងកកស្ទះចាប់ពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩សីហា ហើយបានបន្តកកស្ទះរហូតដល់ម៉ោងជិត២រសៀល ថ្ងៃដដែល ទើបផ្លូវ១នេះអាចធ្វើចរាចរណ៌បានស្រួលឡើងវិញ ក្រោមការជួយសម្របសម្រួលពី អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor