header ads

Sponsor

កំពង់ឆ្នាំងៈ កសិករមួយគ្រួសារ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលចាប់យកមុខរបរដាំបន្លែនៅលើទឹករយៈពេលជាង៧ឆ្នាំមកហើយ និងកំពុងទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន នៅក្នុងស្រុក ដែលគាត់អាចលក់ដូរបន្លែ នៅលើទឹកដែលគ្មានសារជាតិគីមី និងរកប្រាក់ចំណូលក្នុងមួយខែៗបានប្រមាណ៣០០ដុល្លារ ដែលមកពីការខិតខំលើ មុខរបរដាំដុះបន្លែនៅលើទឹកនៅក្នុងគ្រួសាររបស់គាត់។

លោក យង់ សារីម អាយុ៥៥ឆ្នាំ ជាកសិករដាំបន្លែលើទឹក បាននិយាយឲ្យដឹងថា គាត់បានរៀនបច្ចេកទេសលើការដាំដុះបន្លែលើទឹកនេះ អស់រយៈពេល៧ឆ្នាំមកហើយ ដែលគិតមកដល់ពេលនេះ ការដាំដុះរបស់គាត់ទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត ដោយមានអតិថិជននៅក្នុងផ្សារស្រុកទឹកផុសជាច្រើននាក់បានទទួលទិញបន្លែពីគាត់ ដាក់នៅតាមហាង និងទីផ្សារមិនដែលនៅសល់ឡើយអោយតែមាន។

មិនតែប៉ុណ្ណោះ មុខរបរនេះ គាត់អាចរកចំណូលបានក្នុងមួយខែជាង៣០០ដុល្លារសម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅក្នុងក្រុមគ្រួសារផងដែរ។

លោក យង់ សារីម បានបញ្ជាក់ឲ្យដឹងទៀតថា បន្លែលើទឹកដែលគាត់ដាំសព្វថ្ងៃនេះ មាន៣ ប្រភេទ គឺស្ពៃកាឆយ ដែលអាចលក់ចេញក្នុងមួយគីឡូថ្លៃ៨០០០រៀល ខាត់ណាដើមធំ ពូជមកពីតៃវ៉ាន់ អាចលក់បានក្នុងមួយគីឡូ ១២០០០រៀល នឹងសាឡាត់ថៃ ឬពូជមកពីប៊ែលស្សិច អាចលក់បានក្នុងមួយគីឡូថ្លៃ ១២០០០រៀល ដូចគ្នាផងដែរ។

ដោយឡែកការងារដាំដុះបន្លែលើទឹកទាំង៣ប្រភេទនេះ ក្នុងរយះពេលពី៤៥ ទៅ៥០ថ្ងៃ ទើបទទួលផល ហើយការដាំដុះក៏មិនពិបាកទេ គ្រាន់តែយើងត្រូវចំណាយដើមទុនធ្វើរងបន្លែ ក្នុងមួយរោងៗដែលមានទំហំប្រមាណ ៤គុណនឹង៦ម៉ែត្រ ត្រូវចំណាយថវិកាកសាងប្រមាណ ៩០០ដុល្លារ ហើយពូជបន្លែដែលគាត់យកមកដាំដុះនេះ គឺសុទ្ធតែជាពូជបន្លែទទួលយកមកពីបរទេសមានរសជាតិឆ្ងាញ់ ។

ចំណែកបច្ចេកទេសដាំដុះនោះ គឺគាត់បានប្រើទុយោ និងអេប៉ុងបណ្តុះកូនបន្លែ ហើយបូមទឹកចេញចូលជាប្រចាំ ហើយពេលប្រមូលផល គឺមានអតិថិជននៅក្នុងស្រុកមកកម្មង់ទិញមិនដែលនៅសល់ឡើយ ដោយសារតែបន្លែខាងលើនេះ មានរសជាតិផ្អែមឆ្ងាញ់ និងមិនប្រើជីគីមីឡើយ ដែលធ្វើឲ្យអ្នកហូបបន្លែនេះ មានសុខភាពល្អគ្មានជំងឺបៀតបៀនឡើយ។

ដោយឡែកនៅទីផ្សារក្រុងភ្នំពេញ ក៏ធ្លាប់មកកម្មង់ទិញពីគាត់ផងដែរ តែមិនទទួលផ្គង់ផ្គង់ឡើយ ព្រោះតែគ្មានលទ្ធភាពដាំដុះផ្គត់ផ្គង់ទីផ្សារនៅក្នុងក្រុងភ្នំពេញបាន ដោយគាត់ខ្វះដើមទុនក្នុងការសាងសង់រោងបន្លែ ព្រោះការដាំដុះទ្រង់ទ្រាយធំ អាចនឹងចំណាយថវិការាប់លានដុល្លារទើបធ្វើបាន ។

លោក យង់ សារីម បានបញ្ជាក់អោយដឹងទៀតថា នៅក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ គាត់ក៏បានទទួលសិស្សមករៀនសូត្រការដាំដុះបន្លែលើទឹកនេះ បាន៦នាក់ផងដែរ ដែលសិស្សមួយចំនួននៅតាមបណ្តាខេត្តផ្សេងៗ ក៏ទទួលបានភាពជោគជ័យដូចរូបគាត់ផងដែរ។ ដូច្នេះបើប្រជាកសិករយើងមានចំណូលចិត្តក្នុងការដាំដុំបន្លែលើទឹកនេះ អាចមករៀនសូត្រពីគាត់បាន ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែតាជៃ ក៏បានអោយដឹងដែរថា ដោយសារមុខរបបដាំដុះបន្លែលើទឹកនេះ ក្នុងគ្រួសារលោក យង់ សារីម មានជីវភាពយ៉ាងធូរធា មិនតែប៉ុណ្ណោះ ក្នុងឆ្នាំនេះ គេក៏សង្កេតឃើញគាត់កំពុងតែសាង សង់វីឡាមួយខ្នងក្នុងលំនៅដ្ឋានផងដែរ ដោយសារតែភាពជោគជ័យក្នុងមុខរបរដាំដុះបន្លែលើទឹកនេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post