Sponsor

តាកែវៈ ដោយមានកិច្ចសហប្រតិបត្តិការល្អលើការងារជំនួបប្រាស្រ័យទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងយោធាការពារព្រំដែនប្រទេសវៀតណាម បានឯកភាពគ្នាលើការបង្កើតអោយមានសកម្មភាពក្នុងការងារជួយដល់សង្គម ដោយតម្រូវអោយភាគីវៀតណាមបញ្ជូនក្រុមគ្រូពេទ្យ ដែលមានជំនាញរបស់កងទ័ពវៀតណាម មកជួយពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅជិតតំបន់ព្រំដែន ស្ថិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងការចុះត្រួតពិនិត្យលើការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពការពារព្រំដែនរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម នាពេលនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំប្រទល់នៃខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង ប្រទេសវៀតណាម គឺមានភាពសប្បាយរីករាយខ្លាំងណាស់ ចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ បានមកពិនិត្យសុខភាព និងជួយព្យាបាលជំងឺ ចែកថ្នាំ ជូនដល់ពួកគាត់ដោយមិនគិតថ្លៃ មិនតែប៉ុណ្ណោះថែមទាំងបានចែកជាអំណោយឃីត ម្នាក់មួយកញ្ចប់សម្រាប់ជាវត្ថុកំដរដៃត្រឡប់ទៅផ្ទះវិញថែមទៀត ។

លោកស្នងការបានបន្តថា នៅលើការជួបប្រាស្រ័យទាក់ទងមិត្តភាពកម្ពុជា វៀតណាមនេះ គឺខាងយោធារការពារព្រំដែនវៀតណាម បានជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាក ចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារ គឺចែកជូនសត្វគោរស់ចំនួន១០ក្បាល សម្រាប់ចិញ្ចឹម និងបម្រើលើការងារកសិកម្មមួយចំនួន និងបានផ្តល់នូវអាហារូបករណ៍ដល់និសិត្សក្រីក្រចំនួន១០រូបថែមទៀត ដើម្បីបន្តការសិក្សាការងារជំនាញនៅប្រទេសវៀតណាមផងដែរ។

សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យសុខភាពជូនដល់ពលរដ្ឋដែលរស់នៅឃុំភ្នំដិននេះ គឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់កងទ័ពការពារព្រំដែន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន ឌិនហ្វាយ ប្រធានការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង និងក្រុមការងារ២៥នាក់ បានធ្វើសកម្មភាពពិនិត្យនូវបរិវេណសាលាបឋមសិក្សាភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រមកទទួលសេវាការពិនិត្យ និងព្យាបាលជំងឺបានចំនួនជិត ៥០០នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor