header ads

Sponsor

កំពង់ឆ្នាំងៈ បុរសម្នាក់ បានរងរបួសដាច់ជើងទាំងពីរ ក្នុងឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តធុនធំ និងម៉ូតូសណ្ដោងរ៉ឺម៉ក កាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការរដ្ឋាននគរបាលស្រុករលារប្អៀរ បានអោយដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឲ្យមានមនុស្សពីរនាក់ ប្ដីប្រពន្ធរងរបួសធ្ងន់ និងស្រាល ប្តីឈ្មោះ យល់ ប៉ាលី អាយុ៣២ឆ្នាំ​ រងរបួសធ្ងន់ដាច់ជើងទាំងសងខាង ដោយជើងខាង ឆ្វេង បានដាច់នៅនឹងកន្លែងកើតហេតុ រីឯជើងម្ខាងទៀតនៅជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ  ដោយឡែកស្ត្រីជាប្រពន្ធឈ្មោះ វ៉ា ជីលី អាយុ២៥ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់​។

សមត្ថកិច្ច បានឱ្យដឹងទៀតថា រថយន្តបង្កគ្រោះថ្នាក់ខាងលើនេះ ជាប្រភេទរថយន្តធុនធំដឹកគ្រឿងចក្រ ពាក់ស្លាកលេខ កំពត៣អា-១១៥៩ ធ្វើដំណើរពីត្បូងទៅជើង រីឯម៉ូតូរ៉ឺម៉កសណ្ដោងរបស់ជនរងគ្រោះ ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រ៉ឺម៉កម៉ូតូទំនងជាជាប់កុងកូយជាមួយនឹងកន្ទុយរ៉ឺម៉ក ទើបបណ្ដាលឱ្យរេចង្កូតចូលចំណែកផ្លូវរបស់រថយន្តបន្តិច ទើបបង្កឲ្យមានគ្រោះថ្នាក់ កើតឡើងធ្ងន់ធ្ងរបែបនេះ

បើតាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឱ្យសមត្ថកិច្ចដឹងថា ពួកគាត់ មានទីលំនៅក្នុងភូមិត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ប្រកបមុខរបរដឹកគ្រឿងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាអំបោសបោសផ្ទះ កន្ទេល គ្រឿងជ័រ ពូកអង្រឹង។ល។ ដោយដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ។

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ពួកគាត់បានដឹកសម្ភារៈទាំងនេះ មកលក់អស់រយៈពេលជិត១ខែមកហើយ ទើបតែលក់អស់នៅថ្ងៃនេះ ពួកគាត់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ  ព្រោះបែកពីផ្ទះចោលកូន ចោលចៅយូរថ្ងៃហើយ តែ​មិននឹកស្មានថា ជួបគ្រោះថ្នាក់បែបនេះទៅវិញនោះទេ។

ក្រោយកើតហេតុមរថយន្ត និងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង រង់ចាំធ្វើការដោះស្រាយ ខណៈ​ដែល​ជនរងគ្រោះជាប្តីមកដល់ពេលនេះ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post