ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរួមភេទជាមួយក្មេងស្រីអនីតិជន ខណៈពួកគេស្គាល់គ្នាយូរហើយ តែទើបស្រឡាញ់គ្នាបាន២ថ្ងៃ ទើបសាច់ញាតិខាងស្រី ប្តឹងចោទប្រកាន់រួមភេទជាមួយអនីតិជន បានសម្រេច២ដង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
ជនជាប់ចោទឈ្មោះ ម៉េង ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ កើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស ស ភ អាយុទើប១៤ឆ្នាំ រស់នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីយុវជនជាប់ចោទ បានឲ្យដឹងថា ខ្លួនធ្លាប់ស្គាល់នារីខាងលើ យូរហើយ ទើបតែរយៈពេល២ថ្ងៃ មុនកើតហេតុ ក៏ចាប់ចិត្តសុំស្នេហ៍ សុំស្រឡាញ់គ្នាជាគូសង្សារ ហើយភាគីខាងស្រី គ្រាដែលបងប្អូនក្រុមគ្រួសារមិននៅផ្ទះ ក៏បានបបួលខ្លួនទៅដេកលេង ស្នេហាទើបតែកកើតឡើង២ថ្ងៃ វិវឌ្ឍន៍លឿនណាស់ ឈានដល់រួមភេទ បានសម្រេច២ដង លុះនៅយប់ថ្ងៃទី៦ ខែសីហា បងស្រីវិលមកទាន់ ដឹងរឿង ប្តឹងប៉ូលិសចាប់ខ្លួនតែម្ដង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ផ្អែកលើបណ្តឹងពីបងស្រីរបស់ក្មេងស្រី សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធរំលោភសេពសន្ថវៈជាមួយក្មេងស្រីអនីតិជន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី៕