header ads

Sponsor

ភ្នំពេញៈ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ បានបញ្ជាក់ថា ជប៉ុន បាននឹងកំពុងចូលរួមចំណែក ក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសធ្វើយ៉ាងណា ឲ្យកម្ពុជាមានសុខសន្ដិភាព។

ក្នុងពិធីជប់លៀង ក្នុងឱកាសបញ្ចប់បេសកកម្ម ការទូតនៅកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានប្រសាសន៍ថា ប្រទេសជប៉ុន បាននិងកំពុងចូលរួមចំណែក ក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងខ្ញុំបានបន្តផ្តល់ជំនួយ ដល់កំណែទម្រង់ការបោះឆ្នោត ហើយបន្ទាប់ពី ការបោះឆ្នោតឆ្នាំមុន យើងបានចាប់ផ្តើម កម្មវិធីដើម្បីអញ្ជើញយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ ផ្នែកនយោបាយ មកពីស្ថាប័ននានា ទៅស្វែងយល់ ពីបទពិសោធន៍ នៅប្រទេសជប៉ុន

ឆ្លៀតឱកាសនោះដែរ ទូតជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ លើកឡើងថា កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ៧ភាគរយ ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនង ទ្វេភាគី រវាងជប៉ុននិងកម្ពុជា ក៏មានសន្ទុះឈានទៅមុខ យ៉ាងខ្លាំងផងដែរ។ ទាំងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគផ្ទាល់ និង ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់ គួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ លោកទូត ជប៉ុន ប្រចាំកម្ពុជា ក៏បានចូលរួមពិធីសម្ពោធផ្សេងៗ នៃគម្រោងជំនួយអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាព រវាងប្រទេសទាំងពីរ ដូចជាការជួសជុល ស្ពានជ្រោយចង្វារជាដើម។

ចំណែកទំនាក់ទំនង ក្នុងវិស័យនយោបាយវិញលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានភ័ព្វសំណាងដែលបានចូលរួមកិច្ចប្រជុំកំពូល ជប៉ុន-កម្ពុជា រវាង នាយករដ្ឋមន្ត្រីអាបេ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាចំនួន៣ លើកក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។

ជាងនេះទៅទៀត លោក ក៏ទទួលបានការលើកទឹកចិត្ត យ៉ាងខ្លាំងក្លាដែរ តាមរយៈបណ្តាញទំនាក់ទំនង សង្គមនៅកម្ពុជា។ ជាក់ស្តែង ទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន បានទទួលការគាំទ្រ និងមតិយោបល់ល្អៗជាច្រើនពីប្រជាជនកម្ពុជាគ្រប់វ័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post