header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបាន​កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដេញចាប់ឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង កាលពីម៉ោង៧យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ មុខផ្ទះលេខB ៨៣ ផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ូ គឹមស្រៀង  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ មាស ស៊ីនួន ភេទស្រី អាយុ២២ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ បុគ្គលិកហាងយីហោស្ពែកប័រហ្គ័រ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ក្រហម សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB 3619 (ជារបស់ជនរងគ្រោះឈ្មោះ មាស ស៊ីនួន ) និងសោរទីបលេខ៨មានរុំស្កុតខ្មៅ ចំនួន ០១ (ជារបស់ជនសង្ស័យឈ្មោះ អ៊ូ គឹមស្រៀង)។

ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាង​បានជិះម៉ូតូម៉ាកនិច ពណ៌ក្រហម សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB 3619 មកលេងផ្ទះបងប្រុសឈ្មោះ មាស វិឆៃ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្ទះលេខB ៨៣ ផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ពេលមកបានចាក់សោកម៉ូតូចតទុកនៅមុខផ្ទះ រួចចូលទៅក្នុងផ្ទះអង្គុយលេង ស្រាប់តែជនសង្ស័យធ្វើសកម្មភាពយកដែកចុងស្រួចកាច់សោកម៉ូតូ បញ្ឆេះជិះគេចខ្លួន តែរូបនាង​បានចេញមកឃើញទាន់ ក៏បានស្រែកឆោឡោឡើង ទន្ទឹងមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានដេញចាប់ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១តែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ូ គឹមស្រៀង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post