header ads

Sponsor

កំពង់ឆ្នាំងៈ តំបន់ទឹកធ្លាក់ស្រែអំពិល ដែលមានទីតាំងភូមិសាស្រ្ត ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ​ពីទីរួមខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ។

តំបន់នេះ មានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ គ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ចិត្ត ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងមុជទឹកលេងកម្សាន្ត​យ៉ាងសប្បាយរីករាយ។

ប្រជាពលរដ្ឋ និងអាជ្ញាធរ សហគមន៍ នៅតំបន់នោះ មានការទទួលបដិសណ្ឋារកិច្ចយ៉ាងរីករាយ ដោយពួកគាត់ម្នាក់ៗពិតជាបានយល់ច្បាស់ពីគុណតម្លៃវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលអាចជួយជំរុញអោយជីវភាពរស់នៅរបស់ពួកគាត់បានមួយការកើនឡើងកម្រិតទៀត ។

សំឡេងទឹកធ្លាក់ប៉ប្រះថ្មដានៅតាមដងស្ទឹងបាន អង្រួនអារម្មណ៍អ្នកទេសចរឱ្យស្រស់ស្រាយសប្បាយរួសរាយមួយរំពិច ចំហាយត្រជាក់មកប៉ះកាយ ខ្យល់ដកដង្ហើមក៏បរិសុទ្ធ។

សំឡេ​ងសត្វ បន្លឺឡើងរងំពេញព្រឹកព្រៃយ៉ាងស្រស់ប្រិមប្រិយ ធម្មជាតិដ៏សុខក្សេមក្សាន្តគ្មានអ្វីប្រៀបផ្ទឹម ធ្វើអោយអ្នកទេសចរយើងឱ្យទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតយ៉ាងជក់ចិត្ត  ។

សហគមន៍ទឹកធ្លាក់ស្រែអំពិលនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការគ្នាយ៉ាងសស្រាក់ស្រាំពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន។

មេឃុំក្ដុលសែនជ័យ លោក ម៉ឹងសុវិសាល បានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលបានចូកមកលេងកម្សាន្ត​នៅទីកន្លែងនេះមានប្រមាណជា ១០០០ នាក់ក្នុងមួយខែ សហគមន៍ បាននិងកំពុងយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍រមណីយដ្ឋាន ទឹកធ្លាក់ស្រែអំពិលបន្តទៅទៀត ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិនានា ដែលរំពឹងថា នឹងមានការកើនឡើងនាពេលបន្តបន្ទាប់ខាងមុខ។

ក្រៅពីតំបន់ធម្មជាតិ ដែលជាកំណប់ទេសចរណ៍ដ៏វិសាលទៀតនោះ តំបន់ទឹកធ្លាក់ស្រែអំពិល ក៏បានបន្សល់នូវទីតាំងប្រវត្តិសាស្ត្រកាលពីសម័យខ្មែរក្រហម និងស្លាក់ស្នាមរឿងព្រេងដែលប្រជាពលរដ្ឋម្ចាស់ស្រុកតំណាលតៗគ្នាផងដែរ ដូចជាកោះតាព្រេង ដានព្រះបាតជាដើម ។

សហគមន៍ទេសចរណ៍ ដែលមានលោក អែម ជាប្រធានសហការណ៍ និងអាជ្ញាធរឃុំ បានរៀបចំក្យូស សម្រាប់អង្គុយលេងជាច្រើនកន្លែង មានរៀបចំផ្សារមួយកន្លែង  ដែលមានបណ្ដោយប្រមាណជាង២០ ម៉ែត្រ សម្រាប់អោយប្រជាពលរដ្ឋលក់ដូរ និងបានកសាងស្ពានតូច ៗសម្រាប់ឆ្លងកាត់អូរបានជាច្រើនកន្លែង ។

មេឃុំក្តុលសែនជ័យលោក ម៉ឹង វិសាល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរកាន់តែច្រើនឡើង ក្សូស សម្រាប់តម្រូវការភ្ញៀវមកអង្គុយលេងមានការខ្វះខាត។

ទន្ទឹមនោះផងដែរ លោកបានធ្វើការអំពាវនាវដល់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសប្បុរសជននានា ដែលមានចំណូលចិត្តខាងអភិរក្សធនធានធម្មជាតិ សូមជួយជាថវិការ ជាគ្រឿងសម្ភារៈផ្សេងៗ ដែលត្រូវការការរៀបចំ និង ដំណើរការបន្ថែមនៅលើទីតាំងនេះមានដូចជាការសង់ក្សូសបន្ថែម បង្គន់អនាម័យ  ធ្វើផ្លូវចូលរួមទាំងការរៀបចំសំអាតបរិស្ថានផ្សេងៗផងដែរ។

អាជ្ញាធរ ឃុំក្តុលសែនជ័យ ក៏ដូចជា សហគមន៍បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅលេង រមណីយដ្ឋាន ទឹកធ្លាក់ស្រែអំពិល ព្រោះថាទីនោះមានទឹកជ្រោះ និងព្រៃភ្នំយ៉ាងស្រស់ស្អាត   ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post