header ads

Sponsor

ភ្នំពេញៈ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងតបវិញថា កម្ពុជាជាប្រទេស ដែលមានការបើកសិទ្ធិសេរីភាព ទូលាយជាងគេ នៅក្នុងចំណោម បណ្ដាប្រទេសទាំងអស់ នៅក្នុងអាស៊ី។

ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ បន្ទាប់ពីភាគីជប៉ុន បានសម្ដែងការព្រួយបារម្ភ យ៉ាងខ្លាំងទាក់ទងទៅនឹង បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ចំណុចដែលភាគីជប៉ុន លើកឡើងនោះរួមមាន៖ ការរំលាយគណបក្សសង្រ្គោះជាតិ ទាក់ទងទៅនឹងការឃុំខ្លួនលោកកឹម សុខា ទាក់ទងទៅនឹងលោកកែម ឡី និងសិទ្ធិសេរីភាពសម្ដែងមតិ ទាក់ទងទៅនឹង ការប្រជុំរបស់សង្គមស៊ីវិល។ល។  ការលើកឡើងរបស់ភាគីជប៉ុន បែបនេះធ្វើឡើង ក្នុងកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០។

ក្រោយបញ្ចប់កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នាទីស្ដីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកកែវ រ៉េមីបានថ្លែងថា គណៈកម្មាធិការសិទ្ធិមនុស្សបានរៀបចំបង្កើត ក្រុមមេធាវីសិទ្ធិមនុស្សទុកសម្រាប់ប្រឹក្សាច្បាប់ជួយក្នុងការ ដោះស្រាយវិវាទណាមួយ ក្រៅប្រព័ន្ធតុលាការនិងការឡើងសាវនាការ ។

លោកបន្តថា ចំពោះការបង្កើតក្រុមមេធាវី សិទ្ធិមនុស្សទុកសម្រាប់ប្រឹក្សាច្បាប់ជួយក្នុងការ ដោះស្រាយវិវាទណាមួយនេះ គឺភាគីជប៉ុនបានស្វាគមន៍ និងលើកទឹកចិត្តផងដែរ។

ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សបញ្ជាក់ថា ទាក់ទងការដាក់ចេញនូវវិធានការ សិទ្ធិមនុស្សមួយចំនួន ត្រូវបានភាគីជប៉ុនផ្ដល់ការគាំទ្រផងដែរ។ វិធានការទាំងនោះរួមមាន៖ ការបង្កើតក្រុមមេធាវីសិទ្ធិមនុស្ស និងការបង្កើតក្រុមការងារ បច្ចេកទេសចម្រុះសិទ្ធិមនុស្ស (ដែលមានការពាក់ព័ន្ធ ជាមួយតំណាងរាជរដ្ឋាភិបាល តំណាងដៃគូពាក់ព័ន្ធមានជំនួយអភិវឌ្ឍ មានទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួមផងដែរ) ហើយគណៈកម្មាធិការសិទ្ធិមនុស្សក៏បានអញ្ជើញ តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្សធ្វើជាសហប្រធានដើម្បីលើកទឹកចិត្តឲ្យ ខាងសង្គមស៊ីវិលចូលរួមផងដែរ ។

លោកបន្តថា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី កម្ពុជាលោកបានអនុញ្ញាត ឲ្យបន្តអាណត្តិ របស់អ្នករាយការណ៍ពិសេសប្រចាំកម្ពុជា ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ។ហើយខ្ញុំក៏ជម្រាបជូនភាគីជប៉ុនដែលថា មានតែកម្ពុជាទេ មានលក្ខណៈពិសេស គឺខុសប្លែកពីគេ ត្រង់ថា ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ី សួថាប្រទេសណា ដែលដូចយើង ដែលអនុញ្ញាត ឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជាពិនិត្យមើលរឿងសិទ្ធិមនុស្ស

លោក កែវ រ៉េមី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលហាមឃាត់ បរទេសណាមួយ ដែលចង់មកធ្វើការស្វែងយល់ ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ ដោយរាជរដ្ឋាភិបាលតែងតែស្វាគមន៍ជានិច្ច។ នេះបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា តែងតែមានឆន្ទៈ ក្នុងការលើកស្ទួយសិទ្ធិមនុស្សជានិច្ច។

លោកថា មិនមានប្រទេសណាមួយ ដែលគ្មានបញ្ហាសិទ្ធិមនុស្សឡើយ។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្ដល់ជំនួយ ជួយដល់សាលាក្ដីខ្មែរក្រហម ច្រើនជាងបណ្ដាប្រទេសផ្សេងទៀត ដែលបានជួយដល់កម្ពុជាដូចគ្នា ដោយគិតជាទឹកប្រាក់ មានចំនួន៨៧លានដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post