header ads

Sponsor

ភ្នំពេញៈ ​ជនរងគ្រោះម្នាក់ ឈ្មោះ ស៉ូ ធីវុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥ ផ្លូវ លេខ១២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ បានចាញ់បោកស្រ្តីម្នាក់ឈ្មោះ ហង់ វណ្ណី រួមទាំងបក្ខពួកម្នាក់ទៀត ជាបុរសឈ្មោះ គឹម សុគុណ អស់ចំននួ៥០០០០ដុល្លារ រឿងទិញខ្សាច់ ដោយឲ្យ​ដឹកពីខេត្តកំពង់ស្តឺទៅខេត្តព្រះសីហនុ។

តាមការបញ្ជា​ក់ពីជនរងគ្រោះឈ្មោះ ស៉ូ ធីវុត្ថា បានប្រាប់អ្នកយកព័ត៌មាន ឲ្យ​ដឹងថា នៅថ្ងែទី១ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក រូបលោកបានធ្វើការទំនាក់ទំនងទិញខ្សាច់ជាមួយជនសង្ស័យ២នាក់ ទី១ឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអ្នកជំនួញលក់ខ្សាច់ មាន​ទីលំនៅក្នុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ គឹម សុគុណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អ្នកជំនួញលក់ខ្សាច់ ទីលំនៅផ្ទះជួលមិនពិតប្រាកដ។

ជនរងគ្រោះ បានបន្ត​ទៀតថា គាត់បានធ្វើការទិញខ្សាច់ពីជនសង្ស័យ២នាក់នោះ ក្នុងតម្លៃ ១ម៉ែត្រគីប១៧.៥$  ហើយក្នុងថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៩ គាត់(ជនរងគ្រោះ)​បានយកលុយទៅកក់លើកទី១ អស់១ម៉ឺ​ដុល្លារ នៅលើកទី២ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កក់អស់ចំនួន៤០០០០ដុល្លារបន្ថែមទៀត ក្នុងការទិញខ្សាច់ ហើយឲ្យ​ដឹកពីខេត្តកំពង់ស្តឺទៅខេត្តព្រះសីហនុ ពេលនោះជនសង្ស័យ បន្ទាប់ពីទទួលប្រាក់២លើកសរុបចំនួន៥ម៉ឺនដុល្លាររួចរាល់ហើយ ជនសង្ស័យបានធ្វើការដឹកខ្សាច់អោយជនរងគ្រោះដែរ តែមិនបានគ្រប់គ្រាន់តាមការធ្វើកិច្ចសន្យានោះទេ តែងតែរកលេសដោះសារជាមួយគាត់រហូត ហើយគាត់ក៏​បានព្យាយាមទៅសួរនាំទៅលើជនសង្ស័យជាច្រើនលើកច្រើនសារ ហើយជនសង្ស័យទាំង២នាក់ បានសន្យាថា នឹងដឹកខ្សាច់ឲ្យ​គ្រប់ចំននួតាមកិច្ចសន្យា តែ​មិនឃើញជនសង្ស័យគោរពតាមពាក្យសន្យាទេ ថែមទាំងព្យាយាមគេចវេស និងដូរទីតាំងស្នាក់ការថែមទៀតផង។

ជនរងគ្រោះ បន្ថែមទៀតថា ជនសង្ស័យមិនត្រឹមតែដូរទីតាំងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងតេទូរស័ព្ទទៅ មិនលើកទៀតផង ទើបគាត់ព្យាយាមទុកឱកាសអោយជនសង្ស័យធ្វើការដោះស្រាយដែរ តែមិនឃើញចេញមុខដោះស្រាយ។ លុះមកដល់ថ្ងែទី២ ខែសីហា ឆ្នាំ២០១៩ គាត់(ជនរងគ្រោះ) ក៏​បានឮដំណឹងថា  លោក គឹម សុគុណ ឲ្យ​ប្រពន្ធរបស់គាត់រើផ្ទះចេញពីកន្លែងដែលគាត់រស់នៅសព្វថ្ងៃ ពេលនោះគាត់​ព្យាយាមតាមរកជនសង្ស័យដែរ តែមិនឃើញ ទើប​លុះនៅរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ គាត់ក៏បានប្រទះឃើញនារីជនសង្ស័យខាងលើ(ឈ្មោះ ហង់ វណ្ណី) នៅផ្ទះរបស់គាត់ គាត់(ជនរងគ្រោះ)ក៏បានទៅសួរនាំ រហូតឈានដល់ការឈ្លោះប្រកែកគ្នា ពេលនោះមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ចុះមកអន្តរាគមន៍ភ្លាមៗ រួចក៏​ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍នគរបាលច្រាំងចំរេះ ដើម្បីធ្វើការសួរនាំបន្ត។

បន្ទាប់មកជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងភ្លាមៗតែម្តង ដើម្បីអោយសមត្ថកិច្ចជួយដោះស្រាយ ពេលនោះសមត្ថកិច្ច និងជនរងគ្រោះព្យាយាមសម្របសម្រួលដែរ តែជនសង្ស័យហាក់បីដូចជាមិនខ្វល់ខ្វាយ និងមិនដោះស្រាយជាមួយជនរងគ្រោះទាល់តែសោះ ថែមទាំងបោះពាក្យអោយជនរងគ្រោះថា ចង់ធ្វើអីធ្វើចុះពីព្រោះគាត់មានអ្នកមានអំណាចចាំជួយដោះស្រាយអោយគាត់ហើយ ចំណែកជនសង្ស័យម្នាក់ទៀត បានបាត់ដំណឹងសូន្យតែម្តង។

ក្រោយ​មក​សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ធ្វើការសួរនាំទៅលើជនសង្ស័យអស់រយៈពេលយ៉ាង​យូរ មិនឃើញមានដំណោះស្រាយ សមត្ថកិច្ចប៉ុស្តិ៍ ក៏​បានបញ្ជូនសំណុំរឿងទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្ត ហើយនៅល្ងាចថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចអធិការដ្ឋានខណ្ឌប្ញស្សីកែវ ក៏​បានបញ្ជូនជនសង្ស័យមកសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះជនរងគ្រោះ ក៏បានសំណូមពរអោយសមត្ថកិច្ច និងប្រពន្ធ័តុលាការជួយរកយុត្តិធម៌ និងតាមចាប់ជនសង្ស័យ​ម្នាក់ទៀត ដែលឆបោកលុយគាត់ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post