header ads

Sponsor

ភ្នំពេញៈ ខ្មាន់កាំភ្លើងម្នាក់ បើករថយន្តឡិចស៊ីស RX300 ពណ៌សមួយគ្រឿង  (មិនចាំស្លាកលេខ ) សំដៅឡើងស្ពានអាកាសស្ទឹងមានជ័យបានបន្តិច ក៏ដកកាំភ្លើងបាញ់ឡើងលើប្រមាណ៣-៤គ្រាប់ ចេញពីក្នុងរថយន្ត ដោយមិនដឹងមូលហេតុ រួចបន្ថែមល្បឿនបើកគេចខ្លួន​ចេញពីកន្លែងកើតហេតុបាត់។

ករណីបាញ់បោះសេរីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (តែស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌចំការមននៅឡើយ) រាជធានីភ្នំពេញ។

អ្នកឃើញ​ហេតុការណ៍ផ្ទាល់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ ខេមប៉ុស្តិ៍ ឲ្យដឹងថា មុនកើតហេតុ ខណៈគាត់កំពុងអង្គុយលេងទូរស័ព្ទនៅគល់ស្ពានជិតចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស មិនចាំស្លាកលេខ បានបើកតាមផ្លូវ២៧១ ក្នុងល្បឿនលឿនល្មម ពីកើតទៅលិច ឡើងស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលាន់ សំឡេ​ងផ្ទុះអាវុធចំនួន៣-៤គ្រាប់ផ្ទួនៗគ្នា ចេញពីក្នុងរថយន្ត ហើយគាត់ក៏ដើរទៅអឺតមើល ឃើញតែរថយន្តខាងលើ ទើបបិទកញ្ចក់ ហើយបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ បាត់ទៅ បន្តិចក្រោយមកគាត់ឃើញក្មេងស្ទាវមួយក្រុម មានគ្នា៦-៧នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរតាមផ្លូវ២៧១ ពីកើតមកលិច មកដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ស្ទាក់ស្ទើរចង់ឡើងស្ពានបន្តិច  មិនចង់បន្តិច  ហើយក៏ឈប់និយាយគ្នា ដោយមានម៉ូតូមួយគ្រឿង ជិះឡើងស្ពានបានប្រហែល៥ម៉ែត្រ ក៏បត់ត្រលប់ក្រោយ  រួចនាំគ្នាជិះចេញទៅបាត់ស្រមោលអស់  ដោយទៅតាមផ្លូវ២៧១  អែបគល់ស្ពានស្ទឹងមានជ័យ។

អ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា មិនដឹងថា ក្រុមក្មេងស្ទាវដែលជិះម៉ូតូមកឈប់ស្ទាក់ស្ទើរៗនៅជិតកន្លែងផ្ទុះអាវុធប៉ុន្មានគ្រាប់ខាងលើនោះ  មានពាក់ព័ន្ធគ្នា ឬក៏យ៉ាងណានោះទេ  ។

សាក្សីដដែល បន្តទៀតថា  ភ្លាមៗនោះគាត់បានទៅរកមើលសម្បក​គ្រាប់ នៅកន្លែងកើតហេតុដែរ បន្តិចក្រោយមកក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនបានមកដល់ ហើយមកសួរនាំគាត់  និងបានដើររកមើលសម្បក​គ្រាប់ ក្រែងលោធ្លាក់នៅជិតនោះ មិនបានប៉ុន្មានផង ស្រាប់តែឃើញសម្បក​គ្រាប់មួយគ្រាប់ នៅលើថ្នល់ ដែលបន្សល់មកពីការផ្ទុះអាវុធបាញ់មេឃរបស់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។

សូមបញ្ជាក់ថា  ករណីបាញ់បោះសេរីនេះ បានបង្កការភ្ញាក់ផ្អើលដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល  និងបានសាកសួរបុរសដែលឃើញហេតុការណ៍នោះ រួចនាំយកទៅជួយបំភ្លឺនៅស្នាក់ការប៉ុស្តិ៍ទំនប់ទឹកតែម្ដង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានរើសយកសម្បកគ្រាប់ទុកជាវត្ថុតាង និងធ្វលរបាយការណ៍ជូនថ្នាក់លើ ដើម្បីសហការជាមួយសមត្ថកិច្ចជំនាញ បើកការសើបអង្កេតស្រាវជ្រាវស្វែករកខ្មាន់កាំភ្លើង  ដើម្បីមានវិធានការតាមផ្លូវច្បាប់។

សូមរំលឹកថា កន្លងមកប្រមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះសេរី ដោយគ្មានការលើកលែងឡើយ បើទោះបីជាអ្នកនោះត្រកូល ហ៊ុន ឬអ្នកណាក៏ដោយ អោយតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។ គួររំលឹកថា ករណីផ្ទុះអាវុធបែបអនាធិបតេយ្យនេះកន្លងមក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន លោកឧកញ៉ា ហូ ចំរើន និងថ្នាក់ផ្កាយជាច្រើននាក់ទៀត ដោយសារផ្ទុះអាវុធបែបអនាធិតេយ្យ ។

ករណីនេះប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចជំនាញ និងបើកការស្រាវជ្រាវ រកមុខជនបង្កផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ ជាអ្នកណា និងយកមកចាត់ការទៅតាមច្បាប់ ដើម្បីជាការព្រមានទៅមនុស្សដទៃទៀត កុំអាងមានបុណ្យសក្តិ ឬបាញ់បោះសេរី មើលតែប្រទេសគ្មានច្បាប់ទម្លាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post