Sponsor

ព្រះសីហនុៈ ជនជាតិចិនមានគ្នា៤នាក់ មិនដឹងមូលហេតុអ្វីនោះទេ បានធ្វើសកម្មភាពវាយបុរសម្នាក់ ដែលគេ​សង្ស័យថា ជាអ្នកបកប្រែជនជាតិខ្មែរ​ បណ្ដាលឲ្យហើមមុខ ហើមមាត់ រួចញាត់ចូលរថយន្តដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ករណីហិង្សាខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់មួយកន្លែង ក្រោយផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋជា​អាជីវករលក់ដូរនៅក្បែរកន្លែងកើតហេតុ បានប្រាប់ដល់ភ្នាក់ងារ CAMPOST ឲ្យ​ដឹងថា នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ម៉ោងជិត៦ មានជនជាតិចិនមានគ្នា៤ នាក់ បានវាយធ្វើបាបបុរសម្នាក់ សង្ស័យជាអ្នកបកប្រែ ជនជាតិខ្មែរ  បណ្ដាលឲ្យរងរបួសប៉ោងមុខប៉ោងមាត់ ហើយចងដៃនឹង​ក្រមា រួច​រុញដាក់ចូលរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ មិនចាំស្លាកលេខ និងបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ជុំវិញហិង្សាបង្កឡើងដោយជនជាតិចិនខាងលើនេះ អ្នកយកព័ត៌មាន CAM POST ប្រចាំខេត្តព្រះសីហនុ បានទំនាក់ទំនងសាកសួរព័ត៌មានពី​សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលក្រុងព្រះសីហនុដែរ តែលោកបានឆ្លើយយ៉ាងខ្លីថា មិនដឹង។

ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បានរិះគន់​សមត្ថកិច្ច​ថា ហាក់​ដូចមាន​ការ​បិទបាំងករណីហិង្សាខាងលើនេះ ព្រោះ​រឿងវាយតប​គ្នាផ្អើលក្រុងព្រះសីហនុ បែរជាសមត្ថកិច្ចឆ្លើយថា អត់ដឹង។​ ពលលរដ្ឋ​លើកឡើងទៀត​ថា បើបណ្ដែតបណ្ដោយឲ្យមានរឿងបែបនឹងកើតឡើងទៀតនោះ ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពណាស់​ ព្រោះជនជាតិចិនតែងតែបង្កភាពអនាធិបតេយ្យ បាញ់បោះសេរី និងវាយបតគ្នាជាដើម គ្មានខ្លាចក្រែងសមត្ថកិច្ចបន្តិចសោះឡើយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor