header ads

Sponsor

ភ្នំពេញៈ ការអប់រំកូនចៅឲ្យប្រកបដោយគន្លងធម៌ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប តែស្ត្រីម្នាក់ ខឹងកូនរបស់ខ្លួន ស្ទើរទប់អារម្មណ៍មិនបាន សូម្បីតែជីវិតក៏លែងចង់បាន  ទើ​បស្រែកទ្រហោយំតាមផ្លូវ ព្រោះកូនដែលខំចឹញ្ចឹមតាំងពីតូច រហូតដល់ធំ  ចូលរៀនសូត្រ បានចេះដឹងនឹងគេហើយ ស្រាប់តែដើរលេង សេពគប់មិត្តភក្តិផ្តេសផ្តាស រហូតធ្លាក់ខ្លួនជាប់ញៀនថ្នាំទៅវិញ ធ្វើឲ្យគាត់ខ្លោចចិត្តយ៉ាងខ្លាំង ហ៊ាន​រត់ចូលឡាន និងម៉ូតូ ដែលកំពុងចរាចរណ៍តាមផ្លូវ តែបានប្រជាពលរដ្ឋ និងសន្តិសុខជួយឃាត់ទាន់។

ហេតុការណ៍នេះ បានបង្កពីការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ នៅតាមផ្លូវព្រះនរោត្តម មុខស្ថានីយប្រេងឥន្ធនៈ  សូគីមិច (ជាប់សណ្ឋាគារ តាយម៉េង) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ត្រីជាម្ដាយ ដែលទ្រហោយំកណ្ដាលផ្លូវរៀបរាប់ថា ក្នុងនាមគាត់ជាម្តាយ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណីអ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូន និងឲ្យកូនចូលរៀនសូត្រ បានចេះដឹងនឹងគេ តែបែរជាដល់ពេលកូនធំ បានរៀនចេះដឹង កូនដើរលេងសេពគប់ មិត្តភក្តិផ្តេសផ្តាស់ រហូតជាប់ញៀនថ្នាំទៅវិញ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់  ចុះមកសាកសួរ រួមទាំងមានបុរសម្នាក់ទៀត ដើរចេញមកជួយលួងលោម និងធ្វើការអប់រំកុំអោយស្ត្រីខាងលើនេះ គិតខ្លីធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត។

ជាមួយគ្នានេះ សមត្ថកិច្ច និងប្រជាពលរដ្ឋបានណែនាំអោយស្ត្រីជាម្ដាយ គួររកវិធីស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំរបស់កូន ដោយទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជាម្តាយឪពុក ប្រកបដោយព្រហ្មវិហាធម៌វិញ ព្រោះមិនទាន់ហួសពេលទេ  សង្ឃឹមថា កូនរបស់គាត់នឹងបានកែខ្លួន ត្រលប់មកធ្វើជាកូនល្អសម្រាប់គ្រួសារវិញ និងធ្វើជាមនុស្សល្អសម្រាប់សង្គមជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post