header ads

Sponsor

ភ្នំពេញៈ ដើម្បីពង្រឹងការបំពញតួនាទីភារកិច្ច ប្រកដោយក្រមសីលធម៌ខ្ពស់ របស់មន្ដ្រីរាជការ ក្នុងការផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានធ្វើការណែនាំ ឲ្យមន្ដ្រីផ្ដល់សេវាសាធារណៈទាំងអស់ ត្រូវគោរពក្រមសីលធម៌ និងអនុវត្តការងារ ឲ្យបានត្រឹមត្រូវ។

រដ្ឋមន្ដ្រីសាធារណការណែនាំបែបនេះ ក្រោយពីអតីតមន្ដ្រីផ្ដល់សេវាសាធារណៈ ឈ្មោះ ស៊ីម សុផាត បានប្រើអាកប្បកិរិយាមិនសមរម្យ យកជើងរបស់ខ្លួន ទៅចង្អុលស្លាកលេខរថយន្ដ ហើយថែមទាំងប្រើសម្ដី គួរឲ្យស្អប់ខ្ពើម មិនសាកសមជាមន្ត្រី បម្រើសេវាសាធារណៈ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសាធារណការ ចុះហត្ថលេខា ដោយលោក ស៊ុន ចាន់ថុល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីឲ្យសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព ត្រូវអនុវត្តន៍គោលការណ៍៧ចំណុច រួមមាន៖

ទី១-ត្រូវបំពេញតួនាទី ជាអ្នកបម្រើពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់សេចក្តីថ្លៃថ្នូរ និងទំនួលខុសត្រូវខ្ពស់។

ទី២-ត្រូវប្រកាន់ខ្ជាប់ នូវឥរិយាបថជាមន្ត្រី ជាអ្នកបម្រើ និងផ្តល់សេវាសាធារណៈល្អ ជូនពលរដ្ឋប្រកបដោយវិជ្ជាជីវៈ។

ទី៣-ត្រូវកែសម្រួលរបៀបរបបធ្វើការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តី ត្រូវការជាក់ស្តែងជូនពលរដ្ឋ ដែលមកទទួលសេវាឲ្យបានល្អបំផុត។

ទី៤-ត្រូវផ្តល់ព័ត៌មាន ឲ្យបានច្បាស់លាស់ អំពីនីតិវិធី និងបែបបទផ្សេងៗ ស្របតាមបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធ និងត្រូវដោះស្រាយបញ្ហានានា ជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

ទី៥-ត្រូវចូលរួមអនុវត្តយន្តការ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងភាពស៊ាំញ៉ាំ ដើម្បីបង្កភាពងាយស្រួល ដល់ពលរដ្ឋក្នុងការទទួល សេវាសាធារណៈ។

ទី៦-មិនត្រូវប្រើប្រាស់តួនាទី និងមុខតំណែងរបស់ខ្លួន ទៅគំរាមកំហែង ឬបង្កការលំបាក ដល់ពលរដ្ឋឡើយ ។

ទី៧-ត្រូវចេះសម្របសម្រួល និងមានការទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីបំពេញតួនាទីបម្រើពលរដ្ឋ ឲ្យបានល្អបំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post