header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីមានខ្យល់បោកបក់ កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យ​ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ដែលកំពុងសាងសង់ បានធ្លាក់ដែកថ្នាំងអំពៅជាច្រើនកំណាត់ រំលងផ្លូវ ហើយដែក១កំណាត់ធ្លាក់ជុងចំ​ក្បាលរថយន្ត Lexus Rx450h ១គ្រឿង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង២៖១០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខហាង លីម ហុង ក្បែរស្តុបពេទ្យចិន តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីសន្តិសុខម្នាក់នៅយាម Cofe Amazon បានអោយដឹង មុនពេលកើតហេតុ គឺមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ស្រាប់តែមានដែកលាយឡំជាមួយសំណាញ ពណ៌បៃតង ធ្លាក់មករំលងផ្លូវ ព្រះសីហនុ ចំក្បាលរថយន្តមួយគ្រឿងម៉ាកLexus Rx450h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-4994 ដោយដែកថ្នាំងអំពៅ១កំណាត់ ដោតចំក្បាលរថយន្តតែម្ដង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

សូមបញ្ជាក់ផងដែរ ក្រោយពេលកើតហេតុ កម្មករសំណងរបស់អគារ៤២ជាន់ បានមកលើកដែកដែលបានធ្លាក់ចូលការដ្ឋានវិញ។ ចំណែកការខូចរថយន្ត មិនដឹងថា ម្ចាស់ការដ្ឋាននិងម្ចាស់រថយន្តចរចាគ្នា ដើម្បីបញ្ចប់រឿងបែបណានោះទេ។

គួររំឭកផងដែរថា មុនករណីធ្លាក់ដែកនេះជាងកន្លះម៉ោង មានករណីខ្យល់កន្ត្រាក់ដូចគ្នា បានបាក់ដើមឈើ ១ដើមធំ នៅចំណុច មុខហាង Doil OR Cofe ទល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានសង្កត់រថយន្តចំនួន២គ្រឿង រួមមាន រថយន្តម៉ាកcamery សេរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់លេខភ្នំពេញ 2L-7895 ខូចខាត់ដំបូលនិងរថយន្តមួយ១គ្រឿងទៀតម៉ាក Visto ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2S-2642 បែកកញ្ចក់ផ្នែកខាងមុខ តែសំណាងល្អមិនបង្កអោយមានរបួសដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post