
កំពតៈ ម្ចាស់រថយន្ត២គ្រឿង ម្ខាងមានគ្នា៤នាក់ ម្ខាងទៀតមានតែម្នាក់ឯង បានទាស់ពាក្យសម្ដីគ្នា រហូតមានការប្រតាយប្រតប បណ្ដាលឲ្យភាគីម្នាក់ រងរបួសស្រាល ព្រោះតែរឿងវ៉ាជែងរថយន្ត។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង២៖១០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នា២០១៩ លើផ្លូវជាតិលេខ៣៣ នៅមុខរោងចក្រ(ពូចិន) ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផែន ថាំ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច របួសស្រាលពកថ្ងាស់ និងបែកកាបាំងជរ័ទ្វាររថយន្តបន្តិច ជាអ្នកបើកឡានរត់តាក់ស៊ុសាំយ៉ុង។ ចំណែកក្រុមជនសង្ស័យមានគ្នា៤នាក់ ១ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ២ ឈ្មោះ ស សុភារៈ ភេទប្រុស អាយុ២៦ឆ្នាំ ៣ឈ្មោះ លឹម លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ៤ឈ្មោះ នួន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៤ មានទីលំនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះឡានបាឡែន។
សមត្ថកិច្ច បានឲ្យដឹងទៀតថា មុខកើតហេតុ ភាគីទាំងពីរ បានបើកឡានមកពីទិសខាងកើត ទៅទិសខាងលិចលើផ្លូវជាតិស្របទិសគ្នា ដោយសារវ៉ាជែងគ្នា២ លើក ធ្វើឲ្យជនរងគ្រោះបានបើកទន្ទឹមឡានក្រុមជនសង្ស័យ រួចជនរងគ្រោះបានស្តីបន្ទោសឲក្រុមជនសង្ស័យ លុះបើករហូតដល់ចំណុចកន្លែងកើតហេតុ ឡានក្រុមជនសង្ស័យបានស្ទាក់ពីមុខឡានជនរងគ្រោះ ឈប់ឈ្លោះគ្នា ពេលនោះក្រុមជនសង្ស័យ ក៏បានស្ទុះទៅវាយជនរងគ្រោះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ នាំទាំង២ភាគីមកអធិការដ្ឋាន បំពេញឯកសារតាមនិតិវិធី។
ចំពោះជនរងគ្រោះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ឃើញមានសារធាតុគ្រឿងញៀននៅទឹកនោម ហើយជនរងគ្រោះបានឆ្លើយថា រូបគេពិតបានប្រើប្រាស់គ្រឿងញៀនមែន និងធ្លាប់ជាប់គុកអស់រយៈពេល១ឆ្នាំទៀត។ ចំណែកក្រុមជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមដែរ តែមិនមានទេ៕




