Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ បានអះអាងថា គម្រោងលោក សម រង្ស៊ី មកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ មិនមែនមករៀបចំគណបក្សនយោបាយឡើងវិញឡើយ គឺមកប្រមូលកម្លាំងធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការចុះធ្វើវេទិការសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេច ស ខេង បានឲ្យដឹងថា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយហើយនោះ នៅតែចចេសរឹងរូសមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។

សម្ដេច បន្ដថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត។

សម្ដេចអះអាងថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបន្ដធ្វើសកម្មភាព រហូតដល់បង្កើតចលនាសង្គ្រោះជាតិ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ តាមរយៈគម្រោងវិលចូលស្រុកខ្មែរវិញរបស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ ។

សម្ដេច មានប្រសាសន៍ថា មកនេះ មិនមែនមកដើម្បីរៀបចំគណបក្ស តាមគោលការណ៍ប្រជាធិតេយ្យទេ គឺមកដើម្បីដឹកនាំកម្លាំងធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល តាមរបៀបគេហៅថា បដិវត្តន៍ពណ៌នោះ

សម្ដេច រំលឹកថា នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឆ្នាំ១៩៩៣ បានចែកថា “ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិតេយ្យ សេរីពហុបក្ស” ដូច្នេះ ចំណុចនេះមិនអាចអ្នកណាកែប្រែបានឡើយ។ សម្ដេចថា ការធ្វើបដិវត្តន៍ពណ៌ មានន័យថា ការធ្វើរដ្ឋប្រហារ រដ្ឋធម្មនុញ្ញ។

សម្ដេច បញ្ជាក់ថា លោក សម រង្ស៊ី តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្ដែទីបំផុត សម រង្ស៊ី មកកម្ពុជា​ មិនមែនរៀបចំគណបក្ស ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០២២-២០២៣ ខាងមុខទេ​គឺ សម រង្ស៊ី មកកម្ពុជា នាពេលខាងមុខ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ តើ សម រង្ស៊ី ប្រកាន់យករបបប្រជាធិតេយ្យ នៅត្រង់ណាដែរ?

សម្ដេចបន្ថែមថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយ និងមានសិទ្ធិក្នុងការជួបជុំ មានសិទ្ធិនិយាយស្ដី មានសិទ្ធិបញ្ចេញមតិ និងមានសិទ្ធិគ្រប់បែបយ៉ាងផ្សេងៗទៀត ស្របតាមច្បាប់ជាធរមាន។ សម្ដេចថា ការបង្កើត គណបក្សនយោបាយ និងបង្កើតសមាគម ត្រូវមានច្បាប់ ហើយច្បាប់គឺជាអ្នកកំណត់សិទ្ធិ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ចុះបើគណបក្សដែលត្រូវបានរំលាយហើយ តើមានឈ្មោះនៅក្រសួងមហាផ្ទៃទៀតទេ គឺអត់ទេអង្គការក្រៅរដ្ឋាភិបាល ឬចលនាសង្គ្រោះជាតិ មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក៏ខុសច្បាប់ដែរ។ ដូច្នេះ ការជួបប្រជុំទាំងឡាយណារបស់ប្រជាពលរដ្ឋ នៅក្រោមស្លាកគណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬក៏អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺស្របតាមច្បាប់ ហើយយើងលើកទឹកចិត្ត

រដ្ឋមន្ដ្រីមហាផ្ទៃ បន្ថែមថា ការជួបជុំទាំងឡាយណា ក្រោមស្លាក អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយហើយនោះ ឬក្រោមអង្គការចាត់តាំង នយោបាយណាមួយ ដែលមិនបានចុះបញ្ជីនៅក្រសួមហាផ្ទៃ ដែលហៅថា ចលនាសង្គ្រោះជាតិ នោះ គឺខុសច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor