Sponsor

ថៃៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តទេសចរណ៍មួយគ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកដល់ចំណុចនៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ បានបុកយ៉ាងពេញទំហឹងជាមួយរថយន្ត១គ្រឿងទៀត ប្រភេទវ៉ែនដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់ផ្សាររោងក្លឿរព្រំដែនកម្ពុជា-ថៃជាប់ច្រកទ្វាព្រំដែនអន្តរជាតិថៃ-កម្ពុជា បណ្តាលឱ្យមានមនុស្សស្លាប់៥នាក់ និងរងរបួស៧នាក់។

សមត្ថកិច្ច បានឲ្យដឹងថា ក្នុងនោះ ក៏មានពលរដ្ឋខ្មែរចំនួន១០នាក់ ដែលជិះក្នុងរថយន្តវ៉ែន បើកបរដោយជនជាតិថៃ ក្នុងទិសដៅពីបាងកក មកកាន់ច្រកទ្វាព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត បានរងគ្រោះខ្មែរស្លាប់រហូតដល់៤នាក់ ស្ត្រី៣នាក់ និងម្នាក់ជាកុមារា។

ប្រភពបានបន្តទៀតថា ចំណែកពលរដ្ឋខ្មែរ៦នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកតៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់ រីឯអ្នកបើកបររថយន្តទេសចរណ៍ កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។

មន្ត្រីស្ថានទូតអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃក្នុងខេត្តស្រះកែវ បានចុះទៅកន្លែងកើតហេតុ ដើម្បីជួបជនរងគ្រោះជាពលរដ្ឋខ្មែរ និងអាជ្ញាធរពាក់ព័ន្ធភាគីថៃ ដើម្បីសហការប្រគល់សពជូនសាច់ញាតិជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor