ភ្នំពេញៈ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគគ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា (EUROCHAM) ស្ដីពី” កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។
ពិធីនេះ យោងតាមលិខិតសិទ្ធិប្រទានលេខៈ ៤៦ ស.ប្រ.ទ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រទានសិទ្ធិពេញសមត្ថភាពជូននាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដើម្បីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ។
ថ្លែងនៅកម្មពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានេះ លោក មៀច សុផាន់ណា បានឲ្យដឹងថា បញ្ហាឱសថក្លែងក្លាយ ឱសថអន់គុណភាព ការរក្សាទុក និងបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហាចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមីពុល ការលួចចំលងផលិតផល ការរំលោភកម្មសិទ្ធិបញ្ញា ក៏ដូចជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយ គឺសុទ្ធសឹងជាបញ្ហា ដែលកំពុងកើតមាន និងបានញាំញី គំរាមកំហែដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យមានការចាត់វិធានការបង្កើតយន្ដការចម្រុះ និងធ្វើកិច្ចសហប្រិតិបត្តិការការទាំងថ្នាក់តំបន់ និងសកល និងអនុវត្តឲ្យមានប្រសិទ្ធភាព នៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្ដរជាតិ មានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីប្រយុទ្ធប្រឆាំង និងសកម្មភាពល្មើសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធភាព និងដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជនឲ្យបានធ្ងន់ធ្ងរតាមស្ថានទម្ងន់ទោស ដែលចែងក្នុងច្បាប់។
លោក មៀច សុផាន់ណា បានឲ្យដឹងទៀតថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា ក្នុងគោលបំណងធ្វើកិច្ចសហប្រិតិបត្តិការ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលខូចគុណភាព ផលិតផលហួសកាលបរិច្ឆេទ និងផលិតផលបំពានច្បាប់ដទៃទៀតនៅព្រះរាជាណាចក្រកម្ពុជា។
លោកបន្ថែមថា កិច្ចសហប្រិតបត្តិការនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារសុខុមាលភាពប្រជាពលរដ្ឋ និងដើម្បីការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបមុខរបរស្របច្បាប់ លើកទឹកចិត្តការប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
នាយឧត្តមសេនីយ៍ បានលើកឡើងអំពី EBA (Everything But Arms) ដោយថ្មីៗនេះទោះជាសហគមន៍ អឺរ៉ុប បានផ្ដើមនៅខែកុម្ភៈ នូវដំណើរការរយៈពេល ១៨ខែ ដែលអាចនាំឲ្យមានការផ្អាកជាបណ្ដោះអាសន្ននៃការធ្វើពាណិជ្ជកម្ម ដោយអនុគ្រោះពន្ធ របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបក្រោមគម្រោង EBA ដោយសង្ឃឹមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាថ្ងៃនេះ នឹងជាកម្លាំងចលករ និងហេតុផលសំខាន់មួយបន្ថែមទៀត ក្នុងការជម្រុញធ្វើឲ្យសហគមន៍អឺរ៉ុបពិចារណាឡើងវិញលើចេតនា និងឆន្ទៈកម្ពុជា ក្នុងកិច្ចប្រឹងប្រែង សហការជាមួយសហគមន៍អឺរ៉ុប និងពិភពលោកទាំងមូល ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគទុនទាំងក្នុងប្រទេស-ក្រៅប្រទេស និងភាពរីកចម្រើនខាងសេដ្ឋកិច្ច សុខសន្តិភាព វិបុលភាព ការគោរពផលប្រយោជន៍គ្នា ទៅវិញទៅមក និងមិនជ្រាតជ្រែកចូលអធិបតេយ្យភាព របស់ប្រទេសរៀងៗខ្លួន។
ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ផងដែរថា គណៈកម្មាធិការ គ.ប.ផ.កបាននឹងកំពុងមានកិច្ចសហកាជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងសុខាភិបាល ដើម្បីចាត់វិធានការ ចំពោះអ្នកលក់ផលិតផលតាម Online ដែលគ្មានការស្នើសុំអនុញ្ញាតច្បាប់ត្រឹមត្រូវ។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអ៊ឺរ៉ុបកម្ពុជា ត្រូវបានសម្ពោធ និងបង្កើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១១ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ធុរកិច្ចអ៊ឺរ៉ុប ដែលកំពុងប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពជា ដើម្បីសម្រួលដល់ក្រុមហ៊ុនអ៊ឺរ៉ុបមកទីផ្សារកម្ពុជា និងបង្កើតបណ្ដាញគាំទ្រឲ្យបានទួលំទូលាយ ក្នុងចំណោមសមាជិកក្រុមហ៊ុនរបស់ខ្លួន ខណៈដែលបច្ចុប្បន្នសភាពាណិជ្ជកម្មអ៊ឺរ៉ុប នៅកម្ពុជាមានក្រុមហ៊ុនជាង ៣៤០ ជាសមាជិក។
ជាទីបញ្ចប់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លៃងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងថ្លៃងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលផ្ដល់ការដឹកនាំ និងអនុញ្ញាតឲ្យមានអនុស្សរណៈនេះ ៕





