Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្តេជ្ញាចិត្តក្នុងការបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ចនៅទំាង១០៥សង្កាត់ទូទំាងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋានឲ្យកាន់តែល្អតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាមបណ្តាខណ្ឌទំាងអស់ ក្នុងរាជធានីភ្នំពេញមានការិយាល័យច្រកចេញចូលតែមួយរួចរាល់អស់ហើយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងដូច្នេះ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការ នៅសាលារាជធានីភ្នំពេញ។

កិច្ចពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធ នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាយន្តការអាទិភាពស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពលរដ្ឋដែលមកទទួលេសេវា។

លោកអភិបាល បានអះអាងថា យន្តការនេះមិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ចៅសង្កាត់បាន ចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួន និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាងបានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅទៀត។ កិច្ចការងារនេះយើងបានអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពី កិច្ចការងាររបស់គាត់ក្នុងការទទួលនិងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួលខុសត្រូវទំាងអស់នូវលិខិតស្មាមរបស់ប្រជាពលរដ្ឋនៅពេលដែលចៅសង្កាត់មិននៅកន្លែង ហើយគាត់រត់ទៅ រកចៅសង្កាត់អោយចុះហត្ថលេខា។ កិច្ចការនេះដែរ យើងបានអនុវត្តជោគជ័យដោយលុបបំបាត់នូវពាក្យ ដែលថារកចៅសង្កាត់ ពិបាកជាងរករដ្ឋមន្រ្តីបានជាស្ថាបពរនៅរាជធានីភ្នំពេញ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតជាមួយប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គម ជាតិ។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានមានប្រសាសន៍ថា ការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បន្តថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ ធ្នាប់ល្អ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព។

សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាបយកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor