
ក្រចេះ៖ នគរបាលស្រុកព្រែកប្រសព្វ បានចាប់ឃាត់ខ្លួនបុរសជាឪពុកមាម្នាក់ជាប់សង្ស័យនិងករណីចាប់រំលោភក្មួយស្រីដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនឹងបែកធ្លាយ។
អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា ជនសង្ស័យក្នុងអំពើរំលោភក្មួយស្រីនិងក៏ត្រូវបានចាប់ខ្លួននេះឈ្មោះអេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ និងត្រូវបាននគរបាលចាប់កាលពីថ្ងៃទី១១ ខែកញ្ញា។
ជនម្នាក់នេះត្រូវជាឪពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះទាំង៤នាក់ ដោយម្តាយរបស់ពួកគេ ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ឋជនសង្ស័យ។
ក្មេងស្រីរងគ្រោះទាំង៤នាក់ ក្នុងនោះមាន៣នាក់ជាបងប្អូនបង្កើត មានអាយុចាប់ពី១២ដល់១៧ឆ្នាំ និងម្នាក់ទៀតជាបងប្អូនជីដូនមួយមានអាយុ១៥ឆ្នាំ។ ពួកគេខ្លះកំព្រាម្តាយនិងខ្លះកំព្រាឪពុក និងបានរស់នៅជាមួយម្តាយធំ(ប្រពន្ឋជនសង្ស័យ) មានរយៈពេលជាច្រើនឆ្នាំមកហើយ។
លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជន បានបញ្ជាក់ថា ក្មេងស្រីទាំង ៤នាក់សុទ្ឋតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច មានរយះពេលជាច្រើនឆ្នាំមកហើយ។
ពួកគេមិនហ៊ានទម្លាយរឿងនេះដោយសារខ្លាចការគំរាមរបស់ជនសង្ស័យ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ ខណះក្មេងស្រីរងគ្រោះទាំង៤នាក់កំពុងត្រូវបានសង្រ្គោះ៕




