
ព្រះសីហនុៈ អាណោចអាធ័មណាស់ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ បុកម៉ូតូសណ្តោងរ៉ឺម៉កទិសដៅស្របគ្នា បណ្តាលឲ្យឪពុកស្លាប់នៅនឹងកន្លែង ម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន២នាក់ រងរបួសស្រាល នៅផ្លូវជាតិលេខ០៤ ស្ថិតឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
មន្ត្រីនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ក្នុងទិដៅស្របគ្នា ពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-8609 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា។
ជនរងគ្រោះឈ្មោះ ឈៀង ប៊ុនធឿន(ជាអ្នកបើកបរម៉ូតូរ៉ឺម៉កបានស្លាប់នៅនឹងកន្លែង) ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។ ចំណែកប្រពន្ធ នឹងកូនចំនួន២នាក់ ប្រពន្ធឈ្មោះ សាក់ សេង រងរបួសធ្ងន់ កូនទី១ឈ្មោះ ធឿន ធេប រងរបួសស្រាល កូនទី២ ឈ្មោះ ធឿន ធីម រងរបួសស្រាល ជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
សាកសពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំការដោះស្រាយនឹងស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕

