Sponsor

ភ្នំពេញៈ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខ និងសុវត្ថិភាពដល់ពលរដ្ឋរាយការណ៍ ពីភាពអសកម្មភាពនានារបស់មន្រ្តី។

លោកបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃ៦ កញ្ញា ថា ខ្ញុំសុំស្វាគមន៍ ប៉ុន្តែសុំឲ្យមានការណែនាំជាក់លាក់ និងងាយយល់ ដើម្បីឲ្យពលរដ្ឋងាយស្រួល និងមានការកក់ក្តៅបំផុត ក្នុងការរាយការណ៍ ដោយត្រូវធានាសន្តិសុខ និងសុវត្ថិភាពដល់អ្នករាយការណ៍

លោកក៏បានឲ្យកំណត់ស្តង់ដារសេវាសាធារណៈ ដែលមន្ត្រីមួយរូប ត្រូវផ្តល់ឲ្យពលរដ្ឋ គឺងាយបំផុត ឆាប់បំផុត អស់សោហ៊ុយតិចបំផុត និងប្រកបដោយគុណភាពខ្ពស់ និងការគួរសមបំផុត  ។ កំណត់និយមន័យ ភាពអសកម្មឲ្យបានជាក់លាក់ និងអំពើឥរិយាបទជាក់លាក់ណាខ្លះ ដែលកំណត់ អសកម្ម ។ កំណត់អាសយដ្ឋានការិយាល័យ ឈ្មោះ មុខតំណែងមន្ត្រីទទួលសេចក្តីរាយកាណ៍ឲ្យជាក់លាក់។ កំណត់នីតិវិធី និងបែបបទការរាយការណ៍ឲ្យជាក់លាក់។

លោកថា ត្រូវពង្រឹងអំណាច និងដំណើរការភ្ជាប់ទំនាក់ទំនងឲ្យបានជិតស្និតរវាងស្ថាប័នត្រួតពិនិត្យការងាររបស់មន្ត្រីសាធារណៈ ដូចជា អធិការកិច្ចក្រសួងនីមួយៗ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងការិយាល័យប្រជាពលរដ្ឋ ដែលមានការិយាល័យនៅខេត្តក្រុងស្រាប់ ទុកឲ្យស្ថាប័នទាំងនោះ ទទួលរបាយការណ៍ពីពលរដ្ឋ និងចាត់វិធាការចំពោះមន្ត្រីអសកម្ម។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកដូចគ្នាឲ្យពលរដ្ឋហ៊ានរាយការណ៍ពីភាពអសកម្មរបស់មន្រ្តី ដែលមិនយកចិត្តទុកដាក់ដោះស្រាយលើពួកគាត់។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃបើកសិទ្ធិពេញលេញឲ្យពលរដ្ឋរាយការណ៍ចំៗមុខ នូវមន្ដ្រីអសកម្ម ដែលធ្វើបាបពលរដ្ឋ ដើម្បីកំចាត់ចោលភ្លាមៗ ធ្វើយ៉ាងណាឲ្យពលរដ្ឋ សប្បាយក្នុងការរស់នៅ។ ចំណែកលោក ងី ច័ន្រ្ទផល ថ្លែងថា ពលរដ្ឋត្រូវមានសេចក្ដីក្លាហាន កុំភ័យខ្លាច និងមានសេចក្ដីស្មោះត្រង់ ដើម្បីរាយការណ៍មន្ដ្រីណាបានធ្វើបាបខ្លួន ព្រោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងពលរដ្ឋ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor