header ads

Sponsor

កំពតៈ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ដែលមានលោក យិ ន វុឌ្ឍ ជាប្រធានមន្ទីរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រព្រឹត្តអំពើពុករលួយ តាមរយៈធ្វើប្លង់ដីអោយជនខិលខូច រំលោភយកដីរដ្ឋ ឬដីព្រៃលិចទឹករដ្ឋ ឬដីសមុទ្រជាច្រើនកន្លែង ជាថ្នូនិងលុយពីជនខិលខូច។

ករណីនេះ ចាំបាច់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ រួមនិងរដ្ឋបាលខេត្តកំពត មេត្តាបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីត្រួតពិនិត្យមើលប្លង់ដីមួយចំនួន ដែលចេញដោយលោក យិន វុឌ្ឍ ព្រោះប្លង់ដីខ្លះមានភាពមិនប្រក្រតី ជាពិសេសធ្វើប្លង់ដីនៅតំបន់ជាប់សមុទ្រ ដែលមួយចំនួន គឺត្រូវបានជនខិលខូចរំលោភយកដីព្រៃលិចទឹករដ្ឋ ឬដីសមុទ្រ ដែលជាសម្បត្តិសាធារណៈនោះ។

ជាក់ស្ដែងដីព្រៃលិចទឹក ជាប់មាត់ព្រែក ជាដី ដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ជលផល ក្នុងភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បែរជាលោក យិន វុឌ្ឍ  ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានចេញប័ណ្ណកម្ម សិទ្ធិស្របច្បាប់ចុះថ្ងៃទី១៨ កញ្ញា ២០១៨ ឲ្យ​ទៅឈ្មោះ លី គួង ទាំងបំពាន់ច្បាប់ភូមិបាលផងដែរ។

ការបែកធ្លាយនេះ បានកើតឡើងនៅពេលលោក យន់ វេហា នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច និងប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងសហគមន៍អ្នកនេសាទ បាននាំគ្នាទៅសាងសង់ស្នាក់ការសង្កាត់ជលផលលើដីព្រៃលិចទឹកជាប់មាត់ព្រែក ជាដីគ្រប់គ្រងរបស់ជលផល ស្ថិតក្នុងភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ស្រាប់តែកំពុង ធ្វើស្នាក់ការនោះ ត្រូវបានអាជ្ញាធ ស្រុកកំពង់ត្រាច ចុះមកហាមឃាត់អោយផ្អាកការសាងសង់  និងបានបញ្ជាឱ្យធ្វើការរុះរើចេញពីដីនោះវិញ។

ការចុះមកហាមឃាត់អោយផ្អាកការសាងសង់ និងបានបញ្ជាឱ្យធ្វើការរុះរើចេញនេះ អាជ្ញាធរស្រុកកំពង់ត្រាប បានប្រាប់ថា ដីនៅត្រង់ចំណុចកំពុងសាងសង់ទីស្នាក់ការជលផលនោះ គឺជាដីរបស់ឈ្មោះ លី គួង រស់នៅភ្នំពេញ ដោយមានប័ណ្ណកម្មសិទ្ធិ ចុះថ្ងៃទី១៨ កញ្ញា ២០១៨ ចេញ​ដោយលោក យិន វុឌ្ឍ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ថែមទៀត។

លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច យន់ វេហា បានប្រាប់អ្នកកាសែតថា វាពិតជា ហួសចិត្តមែន ដីព្រៃជាប់ព្រែកជាឃ្លងសមុទ្រនោះ លោកជាអ្នកគ្រប់គ្រងជាដីរបស់រដ្ឋ ប៉ុន្តែបែរជាមានប្លង់ទៅជាដីឯកជនទៅវិញ។ ហើយនៅមុនពេលសាងសង់ស្នាក់ការជលផលនោះ លោកបានទៅសុំច្បាប់ពីអាជ្ញាធរស្រុកកំពង់ត្រាច និងត្រូវលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានស៊ីញ៉េយល់ព្រម និងមានលិខិតបោះត្រាផងដែរ។

លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច បានបន្តថា បើអាជ្ញាធរឃុំ និងស្រុកដឹងថា ដី ព្រៃលិចទឹកជាដីគ្រប់គ្រងជលផលនោះ មានប្លង់រួចរាល់ទៅហើយ ហេតុអី ក៏អនុញ្ញាតឱ្យ  លោកជាមន្ត្រីជនផលទៅសាងសង់ស្នាក់ការជលផលធ្វើអ្វីទៀត ។ លោក យន់ វេហា បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លី គួង នេះ ទើបតែធ្វើហើយ អាជ្ញាធរពាក់ព័ន្ធមុន និង ធ្វើប្លង់ជូនពលរដ្ឋណាម្នាក់ មិនបានមកឯកភាពជាមួយមន្ត្រីជលផលឡើយ។

លោក យន់ វេហា ធ្លាប់មានប្រតិកម្មម្ដងរួចហើយ រឿងដីសហគមន៍ អ្នកនេសាទនៅទល់មុខ បង្គោលព្រំដែនលេខ៣១៤ កម្ពុជា-វៀតណាម ត្រូវបានគេលួចកាប់ស្ការទន្ទ្រានយកអស់ជា ច្រើនហិកតារហូតមកដល់ពេលនេះមិនទាន់ដោះស្រាយនៅឡើយ។

ជុំវិញការចោទប្រកាន់នេះ CAM POST មិនអាចសុំការបំភ្លឺពី​ប្រធានមន្ទីរសុរិយោដីខេត្តកំពត យិន វុឌ្ឍ បានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post