ភ្នំពេញៈ លោក មហាធា មហាមេត (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចាត់ទុក ការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចធំៗ មកលើប្រទេសតូចតាច ជារឿងអយុត្តិធម៌បំផុត ព្រោះការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេស ដែលរងទណ្ឌកម្មផ្ទាល់ទេ ប៉ុន្តែប្រទេសផ្សេងទៀត ដែលមិនមានទំនាស់ជាមួយប្រទេសនោះ ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើធុរកិច្ច។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួន២ នាព្រឹកថ្ងៃទី៣ កញ្ញានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងថា អាចទិញអង្ករ និងកសិផលពីកម្ពុជា ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលកម្ពុជាកំពុងជួបប្រទះ ។
លោកបញ្ជាក់ថា ក្នុងឱកាសនោះក៏ពិភាក្សាបញ្ហាអន្តរជាតិ ទាំងការដាក់ទណ្ឌកម្ម ដែលធ្វើឲ្យប៉ះពាល់ មិនត្រឹមតែប្រទេសដែលរងទណ្ឌកម្មផ្ទាល់ទេ ប៉ុន្តែប្រទេសផ្សេងទៀត ដែលមិនមាន ទំនាស់ជាមួយប្រទេសនោះ ក៏ត្រូវបានហាមឃាត់មិនឲ្យ ធ្វើធុរកិច្ចជាមួយប្រទេសនោះ ដោយសារតែការដាក់ទណ្ឌកម្ម ។
លោកថា “នេះជារឿងអយុត្តិធម៌ណាស់ ព្រោះប្រទេសតូច មិនអាចដាក់ទណ្ឌកម្ម លើប្រទេសណាទេ ប៉ុន្តែមានតែមហាអំណាចទេ ដែលដាក់ទណ្ឌកម្មទៅលើគេ ហើយដាក់សម្ពាធឲ្យ ប្រទេសតូច មិនឲ្យមានសេរីភាព ទោះគេកំពុងនិយាយ ពីរឿងសិទ្ធិមនុស្ស អំពីសេរីភាព គឺគេយកសិទ្ធិសេរីភាព របស់យើង ដោយដាក់ទៅ ប្រទេសដៃគូពាណិជ្ជកម្ម នេះជារឿងអយុត្តិធម៌ណាស់” ។
លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថាអង្គការសហប្រជាជាតិ ជាវេទិកាដ៏ល្អដែលយើងអាច លើកបញ្ហាទាំងអស់នេះទៅពិភាក្សា ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ គូសបញ្ជាក់ថា បញ្ហាទណ្ឌកម្ម របស់ប្រទេសធំៗ ទៅលើប្រទេសមួយចំនួនទៀតមិនមែនគ្រាន់តែជា ទណ្ឌកម្មលើប្រទេសទាំងនោះទេ ក៏ប៉ុន្តែអាច ជាទណ្ឌកម្ម មកលើប្រទេសដែលមិនជាប់ពាក់ព័ន្ធក្នុងនាំជាដៃគូ៕


