header ads

Sponsor

ភ្នំពេញៈ លោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ឧស្សាហកម្មភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ឲ្យសម្រេចបានជោគជ័យ។

ក្នុងសិក្ខាសាលាស្ដីពីការពង្រឹង សមត្ថភាពមន្ដ្រីគ្រប់គ្រងត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ដ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ លោក សោម សុគន្ធ បានឲ្យដឹងថា បច្ចុប្បន្នការផ្តល់សេវាសាធារណៈលើវិស័យភាពយន្តបាននិងកំពុងមានការវិវត្តឈានឡើង ស្របពេលសេដ្ឋកិច្ចជាតិ មានការរីកចំរើនជាលំដាប់។

លោកបន្ដថា ដោយពិនិត្យឃើញកំណើន នៃតម្រូវការសេវាសាធារណៈ លើវិស័យភាពយន្តមានការកើនគួរឲ្យកត់សម្គាល់ ក្រសួងវប្បធម៌ តាមរយៈនាយកដ្ឋានភាពយន្ត បានដាក់អាទិភាពជាដំបូងលើការលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត និងមន្ត្រីដែលផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់។

លោកមានប្រសាសន៍ថា ឧស្សាហកម្មភាពយន្ត ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ឲ្យសម្រេចបានជោគជ័យ ព្រោះវិស័យភាពយន្ត បានរួមចំណែកដល់ការពារ ថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ និងការពង្រឹងអត្តសញ្ញាណជាតិ

ចំណែកប្រធានាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស លើកឡើងថា ធ្វើយ៉ាងណាពង្រឹងការងារគ្រប់គ្រងវិស័យភាពយន្តនៅកម្ពុជាឲ្យមានប្រសិទ្ធិភាព សំដៅធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពជឿទុកចិត្ត ក្នុងផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ ពិសេសដើម្បីឆ្លើយតបទៅនឹង ការវិវត្តន៍រីកចំរើនរបស់សង្គមជាតិ។

លោកជឿជាក់ថា មន្ត្រីគ្រប់គ្រងត្រួតពិនិត្យឧស្សាហកម្មភាពយន្តរបស់ក្រសួងវប្បធម៌ ពិសេសមន្ត្រីនៅតាមមូលដ្ឋាន នឹងទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ សំដៅលើកកម្ពស់ប្រសិទ្ធការងារគ្រប់គ្រងវិស័យភាពយន្ត និងការផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែមានឲ្យកាន់តែមានភាពល្អប្រសើរជូនប្រជាពលរដ្ឋ។

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានភាពយន្ត ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤-២០១៨ចំណូលដែលប្រមូលបានមកពីការផ្តល់សេវាសាធារណៈលើវិស័យភាពយន្តកើនឡើងគួរឲ្យកត់សម្គាល់។ ចំនួនទស្សនិកជនដែលចូលទស្សនាភាពយន្ត តាមរោងភាពយន្តនានា បានកើនឡើងជាង៥លាននាក់ នៅទូទាំងប្រទេស ហើយចំណូលពីការលក់សំបុត្រកុន ជាង១៥លានដុល្លារក្នុង១ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post