Sponsor

ភ្នំពេញៈ អគ្គិភ័យ បាន​ឆាបឆេះតូបលក់ទូរស័ព្ទសង់ជាប់ៗគ្នារបស់បងប្អូនអាជីវករ នៅក្នុងផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើង ស្របពេលដែលអណ្ដាតភ្លើងឆេះឡើងផុតដំបូលផ្សារ ដោយក្រុមពន្លត់អគ្គិភ័យពិបាក បាញ់អន្តរាគមន៍បាញ់ពន្លត់ ព្រោះតូបនីមួយៗជាប់សោ  ។

ហេតុការណ៍អគ្គិភ័យនេះ បានឆាបឆេះឡើងកាលពីវេលាម៉ោង១១:១៥នាទីយប់ថ្ងៃទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចតូបលក់និងជួសជុលទូរស័ព្ទ ក្នុងផ្សារឃ្លាំងរំសេវ ដែលមានទីតាំងនៅ ដីឡូតិ៍លេខ៣១៥ ផ្លូវ២៤៥ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារ “ខេមប៉ុស្តិ៍” បានដឹងថា ដំបូងឡើយ គេឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់។

ជាក់ស្ដែង គេឃើញកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ  រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រំ យ៉ន បានចុះបញ្ជាផ្ទាល់ ក្នុងការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ហើយអំឡុងពេលកើតហេតុគេសង្កេតឃើញមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានី និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក សុខ ហេង  អធិការខណ្ឌទួលគោក និងកងកម្លាំងចម្រុះក្នុងមូលដ្ឋា នខណ្ឌទួលគោក ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀត បានចុះ មកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះ ដើម្បីការពារទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ហើយប្រើពេលប្រមាណ២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿង ។

បើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះ បានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូបទៀតខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។

ប្រភពពីនគរបាលជំនាញ បានដាក់ការសង្ស័យជំហានដំបូងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី តែយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនដំបូងគេឃើញអគ្គីភ័យបានឆេះផ្តើមចេញពីតូបលេខ២០២ -២០៤ និង២០៥ ដែលជាតូបលក់ទូរស័ព្ទដៃ នៅខាងមុខគេ តែពុំមានអ្នកណាហ៊ានចេញមុខអះអាង ដោយសារមូលហេតុអ្វីច្បាស់លាស់ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor