Sponsor

ព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តបើកបរក្នុងល្បឿនលឿន កៀរម៉ូតូអោយដួល ហើយបានរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលអោយអ្នកបើកបរម៉ូតូម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ស្ថិតនៅភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI-៣៦៥១ បើកបរដោយឈ្មោះ វ៉ាង ហ្វុង ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនរ៉ូយហ្វេង បានបើកបររថយន្តក្នុងល្បឿនលឿនពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបើកកៀរម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ  ព្រះវិហារ ១C-០៣៥៧ បើកបរដោយឈ្មោះ រ៉ុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលខ្លា ឃុំត្បែងមួយ  ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ វ៉ន ស្រីធាត់ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។ បន្ទាប់មករថយន្ត ក៏បានរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Nisannavara ពាក់ស្លាកលេខ ភ្នំពេញ ២AA ១៨៣០ ដែលឈប់ចាក់សាំង បើកបរដោយឈ្មោះ  ស៊ុត សំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ដូរ រស់នៅភូមិធ្នង់ ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាបបណ្តាលអោយបែកកញ្ជក់ និងខូចខាតធ្ងន់ផ្នែកខាងមុខ។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូទាំងបី ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគូលេន ដើម្បីរងចាំធ្វើតាមនិតិវិធីច្បាប់ ចំណែកឯអ្នករងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពស្រុកគូលេន ហើយក៏បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារបន្តផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor