Sponsor

ព្រះសីហនុៈ លោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោក សុខ ហួត បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នារសៀលថ្ងៃទី២៣ កញ្ញានេះថា លោកបានរៀបចំពាក្យបណ្តឹងរួចហើយ ប្ដឹងទៅលើក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាប្រមាណ៤០ទៅ៥០នាក់ ប្រើប្រាស់គ្រឿងចក្រវាយកម្ទេចផ្ទះចំនួន២ខ្នង និងរបងរាប់ពាន់ម៉ែត្ររបស់កូនក្តីរបស់លោក កាលពីយប់ថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ដោយពុំខ្លាចគ្រែងទៅនឹងសំណាញ់ច្បាប់ឡើយ។

លោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោក សុខ ហួត បានគូសបញ្ជាក់ទៀតថា កាលពីយប់ថ្ងៃសុក្រ ៧រោច ខែភទ្របទឆ្នាំកុរឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២០.០៩.២០១៩ វេលាម៉ោង១៩:១៥ នាទី នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើង បង្កដោយជនមិនស្គាល់មុខ១ក្រុម មានគ្នាប្រហែល៥០នាក់ ប្រដាប់ដោយកាំបិត ដំបង និងគ្រឿងចក្រអេស្កាវើទ័រ ១គ្រឿង បានធ្វើសកម្មភាពកាយ និងវាយបំផ្លាញ របងថ្ម អស់ប្រវែង ៣០០ ម៉ែត្រ និងផ្ទះចំនួន២ខ្នង: -១ខ្នងសង់អំពីឈើទំហំ(៧,៥m X ១២m ) -និង១ខ្នងទៀតសង់អំពីសង្គ័សីទំហំ(៤x៦)m ជារបស់ជនរងគ្រោះ ឈ្មោះ សុខ ហួត ភេទបុ្រស អាយុ៤៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១១៣ ផ្លូវលេខ២៣៣ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាម្ចាស់ដីចំណុចកើតហេតុ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានបើកគ្រឿងចក្រទៅលាក់ខ្លួននៅដីឡូមួយកន្លែងមានរបងថ្មព័ទជុំវិញ ដែលនៅក្បែរកន្លែងកើតហេតុ។

លោកបានបន្ថែមថា យោងតាមសកម្មភាពរបស់ជនមួយក្រុមនេះ លោកនឹងប្តឹងទៅនឹងបទល្មើសចំនួន០៣ រួមមានៈ បទល្មើសកំហែងយក បទល្មើសហឹង្សាលើអ្នកកាន់អចលនៈទ្រព្យ និង បទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយសារតែជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពប្រៀបដូចជាក្រុមចោរប្លន់ ព្រោះក្នុងពេលដែលធ្វើសកម្មភាព ជនសង្ស័យទាំងនោះសុទ្ទយកម៉ាស់បិទមុខ និងយកក្រមាចងក្បាល មិនអោយមិនអោយអ្នកដទៃស្គាល់ យកគ្រឿងចក្រមកវាយតែពេលយប់ចំនួន២យប់ជាប់គ្នា ដោយគ្មានអាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការ ឬ ក្រុមអ្នកច្បាប់ចូលរួមឡើយ នេះសបញ្ជាក់ថា ក្រុមនេះកំពុងប្រើច្បាប់ព្រៃ ក៏ដូចជាកំពុងប្រើអំណាចបុណ្យស័ក្តិ ទ្រព្យធន មកលើប្រជាពលរដ្ឋស្លួតត្រង់ ដែលកំពុងកាន់កាប់ដីធ្លីស្របច្បាប់។

ដូចនេះ ក្នុងនាមរូមលោក ជាមេធាវីតំណាងអាណត្តិ លោក សុខ ហួត សូមស្នើយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ឋ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច សូមមេត្តាជួយរកយុត្តិធម៌ដល់កូនក្តីរបស់លោកផង ដើម្បីវែកមុខនូវជនល្មើសដែលជាខ្នងបង្អែករបស់ក្រុមជនសង្ស័យទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីជាគំរូអោយដល់ក្រុមដែលតែងតែឆ្លៀតឱកាស ជិះជាន់បងប្អូនប្រជាពលរដ្ឋទន់ខ្សោយ ដោយយកខ្នងបង្អែកអ្នកធំមានអំណាច បុណ្យសក្តិមកគៀបសង្កត់រឹបអូសយកដីធ្លីប្រជាពលរដ្ឋក្រីក្រ គ្រប់រូបភាព ដោយអ្នកខ្លះតាមរបៀបលាភពណ៌ អ្នកខ្លះតាមរបៀបផ្លូវកាត់(ច្បាប់ព្រៃ) ឯរឿងខ្លះទៀតរឹបអូស (ប្លន់)ដីបងប្អូនប្រជាពលរដ្ឋទាំងភ្នែកស្រស់តែម្តង ចង់យំក៏យំមិនចេញ ចង់ស្រែកអោយគេជួយ ក៏គ្មានអ្នកជួយ ជាក់ស្តែង ដូចជារឿងរ៉ាវរបស់កូនក្តីរបស់លោកនេះស្រាប់ មានទាំងផ្ទះ មានទាំងដំណាំ មានទាំងរបងថ្មរឹងមាំ មានទាំងអ្នកចាំដី មានទាំងឯកសារគតិយុត្ត ក៏នៅតែមានក្រុមពួកលោភលន់ លើកគ្នាមកវាយកម្ទេចទាំងយប់ ដោយពុំខ្លាចច្បាប់បន្តិចឡើយ។

ជុំវិញករណីនេះ យោងតាមប្រភពពីសមត្ថកិច្ចប៉ូលិសស្រុកព្រៃនប់ បានអោយដឹងថា លោក បានទទួលបណ្តឹងពីលោក លោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោក សុខ ហួត រួចហើយៗសមត្ថកិច្ចរបស់លោកកំពុងបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor