
ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តមសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងម្ដងរួចមកហើយទាក់ទងនឹង «ខ្នោះបែងចែកវណ្ណៈ» ដែលកន្លងមករឿងអ្នកតូចធ្វេីខុសតិចតួចច្រេីនតែដាក់ខ្នោះ ឯអ្នកធំអ្នកមានធ្វេីខុសវិញ ដូចមិនសូវបានគេដាក់ខ្នោះនោះទេ ទោះស្ថានទម្ងន់ទោសធ្ងន់ប៉ុណ្ណាក៏ដោយ ។ រឿងនេះជាការពិតដែលពលរដ្ឋក្នុងសង្គមសុទ្ធតែដឹងឮ និងមិនអាចប្រកែកបាននោះទេ។
យ៉ាងណាមិញ នៅថ្ងៃនេះ ឯកឧត្តមបានលើកឡើងទាក់ទងនឹងប្រធានបទស្រដៀងនឹងគ្នាដែរគឺ «ជំងឺគេចគុក»។
ឯកឧត្តម ថ្លែងថា ជំងឺនេះជាជំងឺមួយដែលពិរុទ្ធជនជាអ្នកមាន ជាអ្នកធ្លាប់មានអំណាចយកលុយទៅទិញ ដេីម្បីបានឈឺ ហេីយយកលេសដេកតែពេទ្យ ។ កាលពីមិនទាន់ជាប់គុក ពួកគេមានសុខភាពល្អណាស់ តែដល់ពេលមានទោសជាប់គុក បែរជាគេឈឺច្រេីនទៅវិញ ។
ទោះជាបែបនេះក្ដី ឯកឧត្តម ថានឹងរកវិធីព្យាបាលជំងឺគេចគុកនេះ ឲ្យខានតែបាន ព្រោះអ្នកមាន អ្នកក្រដែលធ្វើខុស គឺត្រូវតែដេកគុកដូចគ្នា មិនអាចយកលុយទៅទិញជំងឺហើយបានដេកនៅមន្ទីរពេទ្យនោះទេ។