Sponsor

ពោធិ៍សាត់ៈ ស្ត្រីជើងខ្លាំងម្នាក់ ផឹកស្រាស្រវឹង ទាស់​សម្តីជាមួយប្តី ហក់ទាញកាំបិតចាក់ប្តីខ្លួនឯង បណ្តាលអោយធ្លាយពោះវៀនចេញមកខាងក្រៅគួរឲ្យស្រៀវ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី ១១ ខែកញ្ញា ២០១៩ កើតឡើងនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធេង ឡេង បាននិយាយឲ្យដឹងថា ប្រពន្ធ ឈ្មោះ ផល្លី អាយុ៣៩ឆ្នាំ មុខរបរជាកសិករ ប្តីឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរជាកសិកររស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធ​បានផឹកស្រាស្រវឹងជោកជាំ ដោយហេតុតែញៀនស្រាជាប្រចាំ ប្រពន្ធបានប្រើ​ពាក្យសម្ដីមិនសាកសមទៅលើប្ដីរហូតឈានដល់ការ​ទាស់ពាក្យសំដី និងប្រើអំពើហិង្សា ដោយប្រពន្ធ​ទាញកាំបិតខ្លីចាក់ទៅលើប្ដី បណ្ដាលឲ្យរងរបួសធ្លាយពោះវៀនផ្នែកខាងឆ្វេងដៃ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ដោយឡែកស្ត្រីជាប្រពន្ធស្រវឹងស្រាជាប្រចាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកវាលវែងធ្វើការសាកសួរ និងកសាងឯកសារបញ្ជូនបន្តទៅស្នងការនគរបាលខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor