
កំពង់ឆ្នាំងៈ កំណាត់ផ្លូវកំណាតផ្លូវជាតិលេខ៥០C ដែកតភ្ជាប់ពេលឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ភូមិឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារស្ថានភាពកម្ពស់ទឹកជំនន់ឡើងខ្លាំង ដែលធ្វើអោយកាត់ផ្តាច់ដោយកន្លែងៗ។
ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់លែង ក៏បានប្រញាប់ធ្វើសេចក្តីជូនដំណឹងពីការផ្អាកការធ្វើចរាចរណ៍តាមផ្លូវនេះជាបណ្ដោះអាសន្ន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋផ្អាកក្នុងការចរាចរចាប់ពីចាប់ថ្ងៃទី ១០ខែកញ្ញា នេះតទៅ ។
អភិបាលរងស្រុកកំពង់លែងលោក ចេង ចាន់ដូណា បានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០១៩ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារយកព័ត៌មានថា កំណាត់ផ្លូវជាតិដែលតភ្ជាប់ពីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចម្ងាយប្រមាណជាង៤០គីឡូ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ ដោយសារតែស្ថានភាពទឹកជំនន់ លោកបានបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងជន់លិចមានប្រហែលជាង៦គីឡូម៉ែត្រ ដោយដាច់ជាកង់ៗមានជ្រៅ មានរាក់ ដែលធ្វើអោយអ្នកដំណើរមិនអាចធ្វើដំណើរបានឡើយ បច្ចុប្បន្នសូម្បីតែម៉ូតូក៏ស្ទើរតែបើកមិនរួចផង។
លោកបានបញ្ជាក់ថាកំណាត់ផ្លូវនេះចាប់ផ្ដើមកាត់ផ្ដាច់នៅយប់ថ្ងៃទី ១០ ខែកញ្ញានិងបន្តរហូតមកដល់ពេលនេះកាន់តែទឹកឡើងខ្ពស់បន្ថែមទៀត ។
អាស្រ័យហេតុនេះហើយ ក្នុងនាមអាជ្ញាធរស្រុកកំពង់លែង លោកសំណូមពរប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ សូមកុំធ្វើដំណើរកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំ ឬពីកំពង់ធំមកកំពង់ឆ្នាំងបន្តទៀត ព្រោះនាំឱ្យខាតពេលវេលា ដោយសារតែទៅដល់ចំណុចខាងលើមិនអាចបន្តទៅមុខបាន ។
ម្យ៉ាងវិញទៀត ដើម្បីធានាបានផ្លូវថ្នល់ប្រើប្រាស់យូរអង្វែង លោកក៏បានសំណូមពរដល់រថយន្តធុនធំនៅពេលទឹកស្រកមិនទាន់ឲ្យបើកឆ្លងកាត់នៅឡើយទេ លុះត្រាតែដីនោះរឹងឡើងវិញ។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី ១១ កញ្ញា២០១៩ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងកើតហេតុ ដែលមានទឹកជំនន់លិចផ្លូវ ហើយការធ្វើដំណើរចរាចរណ៍បានតែម៉ូតូចៗ តែប៉ុណ្ណោះហើយក្រៅពីនោះអាចគោយន្តធ្វើដំណើរបានដោយលំបាកផងដែរ។
ដោយឡែកអ្នកដែលចង់ធ្វើដំណើរបន្តលើផ្លូវនោះមិនចង់បកត្រឡប់ក្រោយដូចជាម៉ូតូទៅជិះកាណូតឆ្លងដោយក្នុងម្នាក់ ៥ពាន់រៀលម៉ូតូមួយគ្រឿង ២០០០០ រៀល ។
សូមបញ្ជាក់ថា កំណាត់ផ្លូវតភ្ជាប់ពីក្រុងស្ទឹងសែនខេត្តកំពង់ធំមកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងពេលដែលចរាចរណ៍បានធ្វើឲ្យស្រុកមួយនេះមានការរីកចំរើនច្រើនហើយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មានភាពឆាប់រហ័សងាយស្រួលទៀតជាអកុសលផ្លូវមួយខ្សែនេះគ្រាន់តែធ្វើដំណើរបាននៅខែប្រាំងតែប៉ុណ្ណោះចំណែកខែវស្សា រយៈពេល៣ទៅ៤ខែ ត្រូវលិចទឹកមិនអាចធ្វើដំណើរបានឡើយ ។
សូមបញ្ជាក់ថា ស្ថានភាពទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមនៅថ្ងៃទី១១កញ្ញា២០១៩ទឹកមានកម្ពស់៧.៧០ម៉ែត្រ បើធៀបនិងឆ្នាំ២០១៨ទឹកមានកម្ពស់១០.១២ ម៉ែត្រ៕









