ភ្នំពេញ ៖ នៅមុននេះបន្តិច ល្ងាចថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងតាមរយៈផេគផ្លូវការរបស់លោកថា គួរតែមានច្បាប់ដាក់ទោស ចំពោះ ការជេរប្រមាថទាំងឡាយណាដែលប៉ះពាល់ដល់ ជាតិសាសន៍ និងកិត្យានុភាពជាតិ រួមទាំងអំពេីទាំងឡាយណាដែលអាចធ្វេីឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ វប្បធម៌ កិត្យានុភាពជាតិ និងជាតិសាសន៍ខ្មែរផងដែរ។
ជាមួយគ្នានេះឯកឧត្តម ថានឹងពិចារណាចំណុចនេះ , ជារួម អ្នកដែលធ្វេីអំពេីណាជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិគួរមានទោស ឯអ្នកជេរប្រមាថរហូតដៀលដល់ជាតិសាសន៍របស់ខ្លួនក៏គួរមានទោស ព្រោះមានបុគ្គលខ្លះធ្វេីទង្វេីនាំភាពអាប់ឱនដល់វប្បធម៌ សាសនា សេចក្ដីថ្លៃថ្នូរ រួមទាំងកិត្យានុភាពជាតិ ហេីយបុគ្គលផ្សេងទៀតទៅជេរបុគ្គលនោះដោយដៀលជាតិសាសន៍ទាំងមូល ជារួមគួរមានច្បាប់ព្រហ្មទណ្ឌដាក់ទោសតែម្ដង ។

ការលើកឡើងបែបនេះក្រោយពេលផ្ទុះរឿងពលករចំណាកស្រុក និងក្រុមសិល្បករ ដែលកំពុងមានការជជែក និងឈានដល់ការប្ដឹងគ្នាទៀតផង។