
កំពង់ឆ្នាំងៈ សត្វកណ្តុរ គឺជាសត្វចង្រៃស៊ីបំផ្លាញស្រូវអង្ករ និងផលដំណាំផ្សេងៗ តែសាច់សត្វកណ្តុរនៅរដូវទឹកទន្លេកំពុងហក់ឡើងខ្លាំងនេះ ត្រូវគេមើលឃើញថា កំពុងពេញនិយមពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទិញយកទៅបរិភោគ។
ស្ត្រីអ្នកទទួលទិញសាច់កណ្តុរនៅជណ្តើរដើមពោធិ៍កំពង់ផ្សារក្រោម បានអោយដឹងថា ជារៀងរាល់ព្រឹក គាត់តែងតែមកចាំថ្លឹងប្រមូលទិញសាច់កណ្តុរ ដែលម៉ូយរបស់គាត់តាមភូមិនីមួយតាមដងទន្លេដឹកយកមកលក់ហើយ ការប្រមូលទិញសាច់កណ្តុរនេះ តែម៉ូយម្នាក់ក្នុងមួយព្រឹកពី៧០គីឡូទៅ១០០គីឡូ។
ស្ត្រីអ្នកប្រមូលទិញសាច់កណ្តុរខាងលើ បានអោយដឹងថា សាច់កណ្តុរស្រស់នេះ គាត់ទិញពីម៉ូយដឹកយកមកលក់អោយមួយគីឡូថ្លៃ៦០០០រៀលទៅ៧០០០រៀល នៅពេលគាត់យកទៅបោះអោយម៉ូយតាមផ្សារ និងកន្លែងលក់ផ្សេងៗបន្តទៀតថ្លៃ១០០០០រៀល។
ប្រជាពលរដ្ឋ ដែលជាអ្នករកចាក់សត្វកណ្តុរ បានអោយដឹងថា កណ្តុរដែលគាត់ចាក់យកមកលក់វាជាសត្វកណ្តុរត្រូវទឹកលិចព្រៃនៅពេលចេញចាក់ម្តងៗពី៤ទៅ៦ទូក ពេលខ្លះសម្បូរម្នាក់ឯង១០ទៅ២០គីឡូ ដែលជាមុខរបររួមផ្សំពីការនេសាទត្រីខ្លះៗ ទំនេរពីការធ្វើស្រែចំការធ្វើអោយជីវភាពបានធូរស្រាលមួយគ្រាៗ នៅពេលរដូវទឹកទន្លេកំពុងឡើង។
សាច់សត្វកណ្តុរត្រូវគេមើលឃើញថា មានដាក់លក់នៅតាមទីផ្សារហើយកជាមុខម្ហូបមួយដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗមិនថា អ្នកនៅក្នងខេត្តកំពង់ឆ្នាំងនោះទេ នៅតាមកន្លែងផ្សេងៗក្នុងប្រទេសផងដែរ៕




