header ads

Sponsor

ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មចំពោះក្រុមប្រឆាំងដែលធ្លាប់បានរិះគន់ថា រាជរដ្ឋាភិបាលបណ្ដេញពលករខ្មែរ ឲ្យទៅធ្វើការនៅក្រៅប្រទេស ក្នុងលក្ខណៈជាកញ្ចះគេ ប៉ុន្តែសម្តេច បានអះអាងថា គឺកម្ពុជា បានធានានូវសិទ្ធិសេរីពលករយ៉ាងពេញលេញ។

ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចតេជោថ្លែងថា សព្វថ្ងៃនេះ ខ្ញុំមិនដឹងតើថា ប្រទេសអស់លោក មាននិន្នាការបែបណាទេក៏ប៉ុន្ដែចង្រៃអីនៅ ប្រទេសកម្ពុជាយើងនេះ ការដែលយើងខិតខំស្វែងរកឱកាសការងារធ្វើនៅក្រៅប្រទេស ដូចជានៅកូរ៉េខាងត្បូង ដូចជានៅជប៉ុន ម៉ាឡេស៊ី និងថៃ ជាដើម ព្រមទាំងសាំងហ្គាពួរ បែរគេ(អតីតបក្សប្រឆាំង)ចាត់ទុកថា យើងបានបញ្ជូនមនុស្សទៅស៊ីឈ្នូលគេទៅធ្វើខ្ញុំគេ។ ប៉ុន្ដែឥឡូវសុំដាក់ជាសំនួរសួរថា បើមិនធ្វើការទេ តើអ្នកណាអាចរស់ទៅបានវាមានធ្វើការនៅក្នុងប្រទេស និងធ្វើការនៅក្រៅប្រទេស ។

សម្ដេចបន្ដថា ចំឡែកអីនៅកម្ពុជាបែរជាចាត់ទុកថាពលករដែលកម្ពុជាកំពុងរស់នៅក្រៅប្រទេសគឺសុទ្ធជាអ្នកប្រឆាំងរាជរដ្ឋាភិបាល ឬក៏ត្រូវរដ្ឋាភិបាលបណ្ដេញចេញ ទៅរកការងារធ្វើនៅក្រៅប្រទេស។ ក្នុងពេលនេះ ដែលយើងនិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីធានានៅសិទ្ធិពលករ ។

ព្រមជាមួយគ្នានេះសម្តេចតេជោលើកឡើងពីភាគីថៃថា ថៃបានទទួលពលករពីកម្ពុជា មីយ៉ាន់យ៉ា និងឡាវ ប៉ុន្ដែផ្ទុយទៅវិញថៃខ្លួនឯងបានបញ្ជូនពលករខ្លួនទៅធ្វើការនៅប្រទេសដទៃទៀត ដោយសារតែ ប្រាក់ឈ្នួលខ្ពស់ជាង។

សម្ដេចតេជោក៏រំលឹកថា លោកស្រី អោងសាន សូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ក្នុងពេលទៅដល់ថៃកាលពីពេលកន្លងមក បានហៅពលករខ្លួនមកវិញ ប៉ុន្តែពេលនោះ ក្រុមប្រឆាំងបានបើកការវាយប្រហារមកលើសម្តេចថា បណ្តោយឲ្យពលករខ្មែរទៅធ្វើការនៅស្រុកគេ ខុសពីលោកស្រី អោង សាន សូជី ។

សម្ដេចតេជោ បានអះអាងថា ថៃដែលជាប្រទេសទទួលពលករច្រើនពីកម្ពុជា មីយ៉ាន់ម៉ានិងឡាវ ហើយប្រសិនបើថៃបណ្ដេញពលករប្រទេសទាំងបីនេះចេញ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះធ្ងន់ធ្ងរជាមិនខានដោយសារកង្វះកម្លាំងពលកម្ម។

សម្ដេចបញ្ជាក់ថា យើងត្រូវទទួលស្គាល់ថា នៅក្នុងចំណោមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ គឺប្រទេសថៃ គឺជាប្រទេសដែលទទួលយកពលករច្រើនចេញពីកម្ពុជា ចេញពីមីយ៉ាន់ម៉ា និងចេញពីឡាវ ។ ដោយសារនៅទីនោះមានការងារ ហើយរឿងនេះមានចំណងទាក់ទងជាមួយគ្នា ។សូមកុំភ្លេចថា ប្រសិនបើ ឧទាហរណ៍ថា ប្រទេសថៃ បណ្ដេញនូវពលករប្រទេសទាំង៣នេះចេញ សេដ្ឋកិច្ចថៃ អាចធ្លាក់ចុះតែម្ដង ដោយសារតែពុំមានកម្លាំងពលកម្មគ្រប់គ្រាន់

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម គួរនាំគ្នាធ្វើយ៉ាងណា ធានាភាពសុខដុមរម្យនារបស់ពលករចំណាក់ស្រុក តាមរយៈចល័តភាពនៃរបបសន្តិសុខសង្គមដោយអនុលោមសតាមច្បាប់ប្រទេសសាមី។

ជាងនេះទៅ សម្ដេចតេជោ ក៏បានចំអកឲ្យពួកក្រុមប្រឆាំងថា ការដោះស្រាយការងារ របស់ពលករគឺជារឿងសំខាន់ ដែលត្រូវរួមគ្នាដោះស្រាយ ខណៈប្រទេសខ្លះចល័តពលកររបស់ខ្លួន ទៅការងារនៅមជ្ឈឹមបូព៌ា ដោយពលករនៅប្រទេសអាស៊ាន ធ្វើការនៅទីនោះផងដែរ។

របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា នៅឆ្នាំ២០១៨ ចំនួនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានកើនដល់ជាង ១លាន ២សែននាក់ និងបានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញជាង២ពាន់លានដុល្លារ ក្នុងនោះពលករធ្វើការនៅថៃ និងកូរ៉េខាងត្បូងបានផ្ញើប្រាក់មកស្រុកកំណើតបានច្រើនជាងគេ។ ការផ្ញើប្រាក់មកកាន់គ្រួសារចេញពីថៃមានចំណែក៦៨ភាគរយ កូរ៉េខាងត្បូងជាង២១ភាគរយ ជប៉ុន៣ភាគរយ និងម៉ាឡេស៊ីជាង២ភាគរយ។

ក្នុងរបាយការណ៍បញ្ជាក់ថា ចំនួនពលករខ្មែរទៅធ្វើការនៅថៃមានជាង ១លាននាក់ កូរ៉េខាងត្បូង ជិត ៥ម៉ឺននាក់ ជប៉ុនមានជាង៩ពាន់នាក់ ម៉ាឡេស៊ី ជាង៣ម៉ឺននាក់ និងសិង្ហបុរីជាង៨០០នាក់ គឺបានផ្ញើប្រាក់យ៉ាងហោចណាស់ក្នុងមួយឆ្នាំៗ ២.៣០០ លានដុល្លារ។

បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងដែរថា ការផ្ទេរប្រាក់ពីក្រៅប្រទេស តាមប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏បានបង្ហាញពីតួលេខកើនឡើងផងដែរ ដែលមានចំនួនជាង៤ពាន់លានដុល្លារ ខណៈការផ្ទេរប្រាក់ចូលតាមប្រព័ន្ធធនាគារវិញ មានត្រឹម ៥២៧ លានដុល្លារ ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post