
ភ្នំពេញៈ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ព្រមទាំងសហជីព៣ផ្សេង បានស្នើសុំព្រះរាជកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្របសម្រួលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្គោះជាតិ ដើម្បីកុំឲ្យសហភាពអឺរ៉ុប (EU) កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA) និងបាត់បង់ប្រព័ន្ធពន្ធ GSP របស់អាមេរិក។
យោងតាមលិខិតថ្វាយព្រះមហាក្សត្ររបស់សហជីពទាំង៤ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា ដោយនៅតែមានក្តីកង្វល់ថា បើសិនករ EBA និង GSP នឹងត្រូវបានកាត់ផ្តាច់ដោយសារក្រុមអ្នកនយោបាយ មិនព្រមបន្ទន់ឥរិយាបថរកគ្នានិងមិនព្រមស្វែងរកដំណោះស្រាយបញ្ហាជាតិរួមគ្នាមែននោះ កម្មករខ្មែរជាង ៧០ ម៉ឺននាក់ នឹងត្រូវប្រឈមការបាត់បង់ការងារ ហើយពលរដ្ឋរាប់លាននាក់ទៀត នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនយោបាយនេះ រួមទាំងអាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក អ្នករត់ឡានឈ្នួល និងញាតិមិត្តរបស់ក្រុមកម្មករផង។ ពេលនោះរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខជាតិពលរដ្ឋ និងប្រវត្តិសាស្ត្រខ្មែរ ។
សហភាពសហជីពកម្ពុជា យល់ឃើញថា ដើម្បីបញ្ចៀសវិបត្តិសង្គមធ្ងន់ធ្ងរ និងភាពអាប់អួរនយោបាយរ៉ាំរៃទៀត អ្នកនយោបាយខ្មែរគ្រប់ភាគី រួមទាំងភាគីអ្នករងគ្រោះគប្បីងាកទៅការយោគយល់គ្នាជាថ្មី ផ្សះផ្សាការប្រេះស្រាំនានាដល់ជាតិ ដោយស្ម័គ្រចិត្តចូលតុចរចាក្នុងការការពារផលប្រយោជន៍ជាតិទាំងអស់គ្នា និងការរក្សាបាននូវប្រព័ន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។
លិខិតបញ្ជាក់ថា “ដូចបានទូលថ្វាយខាងលើ ទូលព្រះបង្គំយើខ្ញុំ សូមយាងព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ប្រើបុព្វសិទ្ធិពិសេស ធ្វើជាព្រះរាជអធិបតីអង្គប្រជុំ ជួយសម្របសម្រួលអ្នកនយោបាយទាំងភាគីគណបក្សប្រជាជនកម្ពុជា និងភាគីគណបក្សសង្គ្រោះជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញប្រកបដោយព្រះតម្រិះដ៏ខ្ពង់ខ្ពស់” ។
សូមបញ្ជាក់ថា គណៈកម្មការសហភាពអឺរ៉ុប(EU)បានក្រើនរំលឹកឲ្យអាជ្ញាធរកម្ពុជា កែលម្អលើបញ្ហាសិទ្ធិមនុស្ស និងផ្នែកការងារដើម្បីបញ្ចៀស ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ក្រោយពីមន្រ្តី EU បំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះ ខណៈអាមេរិកក៏បានគំរាមកាត់ផ្តាច់ការអនុគ្រោះពន្ធ (GSP) ផងដែរ៕