header ads

Sponsor

ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញម្នាក់ កំពុង​ជិះម៉ូតូតាមផ្លូវ  ត្រូវរថយន្តកាមរីបាឡែន វាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក បណ្តាលឲ្យខ្ទាតបោកនឹងថ្នល់ ស្លាប់ភ្លាមៗ ម៉ូតូខ្ទាតជិត១០០ម៉ែត្រ ហើយម្ចាស់​រថយន្តបង្ក បើកយក​ប្លុងចោលនៅមុខផ្សារប៉េសេ រួចដោះស្លាកលេខចេញបាត់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើត​ឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ជិតផ្សារបេសេចាស់ ត្រង់ចំណុចផ្លូវកោង លើកំណាត់ផ្លូវ៣៧១  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាធានីភ្នំពេញ។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-8136 បើកបរដោយ មនុស្សមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងល្បាតប្រទះឃើញយក ទៅប្លុងចោល នៅមុខផ្សារប៉េសេ។ សពជនរងគ្រោះ ឈ្មោះ ម៉ែន លីដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ស្នាក់នៅស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ  ខេត្តកណ្ដាល ជិះម៉ូតូម៉ាក យ៉ាម៉ាហា QBIX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GZ 0719។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញបុរស ខាងលើ បានជិះម៉ូតូម៉ាកយ៉ាម៉ាហា QBIX  ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅ ពីលិចទៅកើត លុះមកចំណុចកើតហេតុ ដែលជាផ្លូវកោង ក៏ស្រាប់តែរថយន្តកាមរីបាឡែន  ពណ៌សមួយគ្រឿង បានបើកធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច  ក្នុង​ល្បឿនលឿន បានវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតអូសប្រហែល១០០ម៉ែត្រ ខ្ទេចស្ទើរទាំងស្រុង ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូ  របួសបែកក្បាល និងបាក់ជើងចេញឆ្អឹង ស្លាប់នៅលើ ចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័មតែម្តង  ចំណែករថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេ  គឺព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុទាំងរថយន្តខ្ទេចផ្នែកខាងមុខ ចំហៀងខាងឆ្វេងរហូតដល់ក្នុងផ្សារប៉េសេ ហើយបានឈប់រថយន្ត រួចដោះស្លាកលេខចេញ គេចខ្លួនបាត់ស្រមោលអស់ បន្តិចក្រោយមក ឃើញ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងហៅ សាច់ញាតិអោយមកកន្លែងកើតហេតុ។

ក្រោយមក បុរសនារី២នាក់ ជាសាច់ញាតិរបស់ជនរងគ្រោះ  បានបើករថយន្តស៊េរីទំនើបមក ដល់ ហើយបានប្រាប់សមត្ថកិច្ចថា  គ្រប់យ៉ាងប្អូនគាត់បានស្លាប់បាត់ហើយ ចង់សងអ្វី ពួកគាត់គ្រាន់តែសុំយកសពទៅផ្ទះ ដើម្បីធ្វើបុណ្យ និងមិនប្តឹងផ្តល់អ្វីទាំងអស់  រួចប្រាប់អត្តសញ្ញាណអោយសមត្ថកិច្ច ដើម្បីទាក់ទងពេលក្រោយ  រួចប្រាប់បងប្អូនប្រជាពលរដ្ឋជួយលើក សពដាក់ក្នុងរថយន្ត  ហើយបើកចេញទៅតែម្ដង។

ក្រោយពេលកើតហេតុ នៅសល់តែរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញនគរបាល ចរាចរណ៍ក្រុងភ្នំពេញ បានចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក ការិយាល័យនគរបាល ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់រថយន្តបង្កអោយចូលខ្លួនមកធ្វើការ ដោះស្រាយ និងចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post