header ads

Sponsor

ភ្នំពេញៈ ពិធីហូបអំបុកនាថ្ងៃទី៩ វិច្ឆិកា ខាងមុខនៅទូទាំងប្រទេស កាន់តែខិតជិតចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ប្រជាពលរដ្ឋខ្មែរត្រូវតែនាំគ្នាហូបទាំងអស់គ្នា ដើម្បីថែជាតិសាសនា និងព្រះមហាក្សត្រ ។ សម្តេច បានហៅថា អំបុកខ្មែរថែជាតិសាសនា ព្រះមហាក្សត្រ គឺជាស្លោកថ្មីទើបបង្កើតឡើង។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានជឿជាក់ថា ពលរដ្ឋខ្មែរហូបអំបុកនាពេលខាងមុខនេះ នឹងធ្វើឲ្យតម្លៃផលិតផលខ្មែរ មានការឡើងថ្លៃ ដូចជា អំបុក ស្រូវ ចេក ស្ករ ដូច្នេះរបស់ទាំងអស់នេះទិញពីប្រជាកសិករខ្មែរ នឹងធ្វើឲ្យពួកគាត់មានជីវភាពធូធារបន្ថែមទៀត។

សម្ដេចថ្លែងថា បុណ្យអុំទូករបស់យើងនៅតែធ្វើឲ្យល្អ ហើយខ្ញុំបានប្រកាសហើយថា យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យជាតិ បុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងទ័ព ធ្វើជាថ្ងៃទទួលទានអំបុកដែលខ្ញុំប្រើពាក្យស្លាកថា អំបុកខ្មែរ ថែជាតិសាសនា ព្រះមហាក្សត្រ នេះជាពាក្យស្លាកថ្មី

សម្ដេចតេជោរៀបរាប់ទៀតថា ព្រះមហាក្សត្រ គង់ជាព្រះប្រមុខរដ្ឋ រីឯនាយករដ្ឋមន្ដ្រី ជាប្រធានអង្គការនីតិប្រតិបត្តិ មានឈ្មោះ “សម្ដេចតេជោ ហ៊ុន សែន” កំពុងដឹកនាំប្រទេសនាពេលនេះ។ សម្ដេច ងើយឆ្ងល់ថា មានអ្នកវិភាគមួយចំនួននៅកម្ពុជាចេះតែវិភាគមិនដឹងអ្វី។ សម្តេចហៅអ្នកវិភាគទាំងនោះថា ល្ងង់ ។ សម្តេចថា បើល្ងង់អីចឹងឲ្យចេះទទួលស្គាល់សមត្ថភាពរបស់ខ្លួនផង។

នាឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនឹងចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ទាំងអស់ ត្រូវមានការរៀបចំទូកងជាបណ្ដើៗ ដើម្បីបញ្ជូនទូកមករាជធានីភ្នំពេញ ។ សម្ដេចបញ្ជាក់ថា ទោះបីជាទឹកមានកម្ពស់ត្រឹមតែ១ម៉ែត្រ ពិធីបុណ្យអុំទូកក៏នៅតែប្រព្រឹត្តជាធម្មតា ដើម្បីកុំឲ្យចាញ់ចិត្ត ទណ្ឌិត សម រង្ស៊ី ដែលសមត្ថកិច្ចទូទាំងប្រទេសបានត្រៀមលក្ខណៈចាបខ្លួនរួចជាសម្រេច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post