header ads

Sponsor

ភ្នំពេញៈ នាពេលថ្មីៗនេះ ក្មេងស្រីម្នាក់ឈ្មោះ ស្រីភា អាយុ១៥ឆ្នាំ មកពីខេត្តស្ទឹងត្រែង បានដើរតួនាទីជា ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅកម្ពុជា នាឱកាសអបអរទិវាក្មេងស្រីអន្តរជាតិ ។

កម្មវិធី “ក្មេងស្រីកាន់តួនាទីជំនួស” ជាភាសាអង់គ្លេស #GirlsTakeover ដែលរៀបចំឡើង ដោយ ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងអង្គការ ភ្លែនអន្តរជាតិកម្ពុជា មានគោលបំណងបង្ហាញ ពីសក្តានុពល និង ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ហើយជាមួយគ្នានេះដែរ ឆ្លុះបញ្ចាំងអំពីបញ្ហាយេនឌ័រ។

ក្មេងស្រី ភា និយាយថា ក្នុង សហគមន៍របស់ខ្ញុំ ក្មេងស្រីប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរៀបការវ័យក្មេង ការ បោះបង់ការសិក្សា ផ្នត់គំនិត យេនឌ័រ អវិជ្ជមាន និងកង្វះបុគ្គលគំរូ សម្រាប់ក្មេងស្រី។ ការរៀបការវ័យក្មេង គឺជា បញ្ហាធ្ងន់ធ្ងរជាងគេ ដែលខ្ញុំចង់ដោះស្រាយ 

ក្មេងស្រីបន្ថែមទៀតថា កម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ផ្តល់ឱកាសឲ្យគាត់បានពិភាក្សា ពីបញ្ហាការរៀបការវ័យក្មេង ជាមួយស្ថានទូតស៊ុយអែត។ ជាពិសេសចង់ដឹង ពីវិធានការនានាក្នុងការបញ្ឈប់ ការរៀបការវ័យក្មេង ដើម្បីឱ្យក្មេងស្រី អាចសម្រេចសក្តានុពល របស់ខ្លួនបានពេញលេញ។

កម្មវិធីក្មេងស្រីកាន់តួនាទីជំនួស គឺជាចលនាសកលមួយ ដែលអំពាវនាវឱ្យមានការផ្លាស់ប្តូរក្នុងសង្គម និងនយោបា យសំដៅ លុបបំបាត់ឧបសគ្គនានា ការរើសអើង និងភាពលម្អៀង ដែលនៅតែរាំងស្ទះ ដល់វឌ្ឍនភាពរបស់ក្មេងស្រី។  តាមរយៈចលនានេះ ក្មេងស្រី ទទួលបានឱកាសនានា ដែលពួកគេមិនសូវបានឃើញ ឬ ស្តាប់លឺ ហើយវា បង្ហាញយ៉ាងច្បាស់ថា ពួកគេមានសិទ្ធិចាប់យកក្តីស្រមៃរបស់ខ្លួន ដោយមិនមានភាពភ័យខ្លាចអ្វីឡើយ ។

លោក Samuel Hurtig ភារៈធារី ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងថា “ការកាន់តួនាទីជំនួស របស់ស្រីភានៅក្នុងស្ថាន ទូតស៊ុយអែត គឺជាឱកាសមួយ ឆ្លុះបញ្ចាំងពីសិទ្ធិរបស់ក្មេងស្រី ដែលជាផ្នែកមួយ នៃ គោលនយោបាយការបរទេស ស្តីពីស្ត្រីនិយម របស់ប្រទេស ស៊ុយ អែត និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។

តាមរយៈការ កាន់តួនាទី ជំនួសអ្នកដឹកនាំនេះ ស្រីភា អាចលើកឡើងពីបញ្ហា របស់ក្មេងស្រី នៅក្នុងសហគមន៍ របស់ខ្លួន ដើម្បីធានាថា តម្រូវការនិងសិទ្ធិរបស់ពួកគេ មិនត្រូវបានគេមើលរំលង។ នៅពេលក្មេងស្រី ដូចជា ស្រីភា ទទួលបានឱកាស ស្មើភាពក្នុងជីវិតដូចអ្នកដទៃ នោះនាងនឹងអាចផ្លាស់ប្តូរជីវិត និងសហគមន៍របស់ខ្លូន តាមរយៈការចូលរួមបង្កើតពិភពមួយ ដែលកាន់តែមានភាពល្អប្រសើរ សម្រាប់មនុស្សគ្រប់រូប”។

លោកស្រី គ្វីននេត វ៉ង (Gwynneth Wong) នាយកប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា“ក្មេងស្រីនៅ ទូទាំង ពិភពលោកកំពុង ប្រឈមនឹងឧបសគ្គធំៗជាច្រើន ក្នុងការអភិវឌ្ឍខ្លួន និងសម្រេច ក្តីស្រមៃរបស់ខ្លួន។ ជាញឹកញាប់ក្មេងស្រី គ្មានអំណាចលើការសម្រេចចិត្ត ឬ ជម្រើសរបស់ខ្លួនឡើយ។ នៅពេលដែលក្មេងស្រី មានឱកាសនិយាយ និងដើរតួនាទីជាអ្នកដឹកនាំ ពួកគេនឹងលើកឡើងយ៉ាងច្បាស់ពីគំនិតក្តី ស្រមៃ និងមតិយោបល់របស់ខ្លួន ។

លោកស្រីបន្ថែមថា ការសម្រេចបានសមភាពយេនឌ័រ គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលអនុម័តដោយថ្នាក់ដឹកនាំពិភពលោក កាលពីឆ្នាំ២០១៥ ហើយគោលដៅនេះ បានសន្យា ផ្លាស់ប្តូរពិភពលោក ឱ្យបានត្រឹមឆ្នាំ២០៣០។ រដ្ឋាភិបាលស៊ុយអែត និងអង្គការភ្លែនអន្តរជាតិ អំពាវនាវឱ្យមានការ បង្កើនការវិនិយោគលើអំណាច និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងស្រ្តីវ័យក្មេង ដើម្បីបញ្ឈប់ការរៀបការ វ័យក្មេង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post