header ads

Sponsor

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យម្ចាស់កាណូតទេសចរណ៍ទំាងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាព និងសប្បាយរីករាយ។

ការណែនាំបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងកាណូតទេសចរណ៍នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការកំណត់អោយម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាអោយអ្នកទេសចរទំាងអស់ ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងអស់ ត្រូវតែប្រមូលផ្តុំគ្នានៅចំណតកំពង់ផែតែមួយ ដែលសាលារាជធានីភ្នំពេញ រៀបចំជូន ដែលចំណតកំពង់ផែនោះ នឹងដាក់នៅចំណតបណ្ដោះអាសន្នមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា ពាក់ព័ន្ធនិងការងារនេះ មន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចអោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយសិនត្រឹមត្រូវ មិនត្រូវចេះតែអោយបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ។

ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញ បានឯកភាពទទួលយកគោលការណ៍នេះ ដើម្បីធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់។

គួរបញ្ជាក់ថា លទ្ធផលនៃអង្គប្រជុំនេះបានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរទាំង៦២ទូកត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post