header ads

Sponsor

ភ្នំពេញៈ មនុស្សប្រុសស្រី៤នាក់ បានរងរបួស ក្នុងនោះមានស្ត្រីម្នាក់ពពោះសន្លប់ស្ដូក ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះយកចេញពីក្នុងរថយន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍  បង្កឡើងរថយន្តកាមរីមួយគ្រឿង បើកបោះពួយក្នុងល្បឿន មកដល់ផ្លូវកោង មិនប្រយ័ត្ន ស្រាប់តែបួងចង្កូតជ្រុលឡើងទៅបុកទ្វារ និងរបងផ្ទះលក់គ្រឿងសង្ហារឹមពេញទំហឹង រថយន្តមិនទាន់អស់ល្បឿន បានផ្លោងខ្ទាតទៅបោកផ្ទប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវទៀត បណ្ដាលឲ្យ របងផ្ទះ បាក់ ខ្ទាត រប៉ាត់រប៉ាយ ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតខ្ទេចស្ទើរទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតមានឡើងនៅវេលាម៉ោង៣:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨  ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះ លក់គ្រឿង សង្ហារឹមយីហោ  "បាយ័នលក់គ្រឿងសង្ហារឹម" នៅលើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្រុសជាអ្នករថយន្តតាក់ស៊ី ឃើញហេតុការណ៍ បានប្រាប់អោយដឹងថា មុនកើតហេតុ  គាត់បើករថយន្តមក ចតលើចិញ្ចើមផ្លូវ រង់ចាំដឹកភ្ញៀវ  មួយសន្ទុះក្រោយមក  ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត (ពុំមានស្លាកលេខ ) បើកបរដោយយុវជនម្នាក់ និងមានមនុស្សប្រុសស្រី៣នាក់ទៀតជាអ្នករួមដំណើរជាមួយ  បានបោះពួយក្នុងល្បឿនលឿន  តាមបណ្ដោយផ្លូវសុធារស  ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ  ផ្លូវកោង  រថយន្តមិនបានបន្ថយល្បឿន ស្រាប់តែបួងចង្កូតជ្រុលទៅបុកទ្វារផ្ទះលក់គ្រឿងសង្ហារឹមយីហោ  "បាយ័នលក់គ្រឿងសង្ហារឹម"  ពេញទំហឹងតែម្ដង បណ្ដាលឲ្យ បាក់ទ្វារ  និងខូចខាតសម្ភារៈតុទូ គ្រឿងសង្ហារឹម អស់មួយចំនួនផងដែរ។

ប្រភពដដែលបន្តថា  ពេលនោះ រថយន្តបង្កនៅមិនទាន់អស់ល្បឿន  បានបន្តទៅបុកទម្លុះ របងថ្ម  បណ្ដាលឲ្យ ប្រេះស្រាំ  និងបាក់រប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្តក៏បានវិលខ្ទាតទៅបោកផ្ទប់ជាប់របាំងថ្មពុះចែកផ្លូវទៀត  បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចស្ទើរទាំងស្រុង  បើកទៅមុខលែងរួច  និងហូរហៀរប្រេងម៉ាស៊ីនពេញផ្លូវ  ចំណែកមនុស្សប្រុសស្រីចំនួន៤នាក់ រងរបួស (ក្នុងនោះស្ត្រីម្នាក់ មានផ្ទៃពោះ បានរងរបួសធ្ងន់ជាងគេ សន្លប់ស្ដូកស្ដឹងក្នុងរថយន្ត ) ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកខាងក្រៅ  ហើយជួយលាបប្រេងខ្យល់ និងប្រេងកូឡា  ជាការសង្គ្រោះបឋមសិន ចំណែកអ្នករបួសប្រុសស្រី២នាក់ទៀត រង់ចាំហៅកង់បីឥណ្ឌា  មកដឹកទៅលាងរបួសផងដែរ។

ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង  រួមទាំងម្ចាស់ផ្ទះភ្ញាក់ពីដំណេក  នាំគ្នាបើកចេញមកមើល ផ្អើលពេញកន្លែងកើតហេតុ  ក្រោយមកគេឃើញយុវជនម្នាក់ ជាអ្នកបេីករថយន្តបង្ក  ដែលរងរបួសបែកចិញ្ចើមខាងស្ដាំ បានបើកទ្វារចូលក្នុងរថយន្ត រកមើលរបស់ទ្រព្យមានតម្លៃរបស់ខ្លួន  ហើយឃើញមានរថយន្តព្រូសមួយគ្រឿងទៀត ដែលជាមិត្តភក្កិបានបើកមកដល់ ហើយយុវជននោះក៏ចេញពីក្នុងរថយន្តបង្ក  រត់ឡើងរថយន្តព្រូសនោះ បម្រុងបើកចេញពីកន្លែងកើតហេតុ  តែត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ផ្ទះនាំគ្នាឃាត់មិនអោយបើកចេញទៅណាឡើយ  ហើយឃាត់ម្ចាស់រថយន្តបង្ក ចេញមកខាងក្រៅ  ដើម្បីដោះស្រាយគ្នាសិន ទើប​បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ ទន្លេបាសាក់  ចុះមកជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ  និងពិនិត្យមើល ទ្រព្យសម្បត្តិ មានតម្លៃរបស់ស្ត្រីរងគ្រោះ  និងទាក់ទងហៅរថយន្តសង្គ្រោះមក ដឹកអ្នករបួសផងដែរ។

បន្តិចក្រោយមក គេឃើញរថយន្តគិលានសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល  ហុងហាក់  បានមកដល់  ហើយបានពិនិត្យ និងលើកស្ត្រីពពោះឡើងរថយន្ត សង្គ្រោះ រួចបំពាក់ អុកស៊ីហ្សែន  ស្រាប់តែអ្នករបួសប្រុសស្រី២នាក់ទៀត  ដែលជិះកង់បីឥណ្ឌានោះ  ក៏ឡើងរថយន្តសង្គ្រោះជាមួយគ្នាដែរ ទើបសមត្ថកិច្ចប្រគល់កាបូបរបស់ស្ត្រីពពោះទៅអោយយុវជនដែលរបួសស្រាលនោះរក្សាទុកវិញ ហើយរថយន្តសង្គ្រោះក៏ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែម្ដង  ។

ក្រោយកើតហេតុ  អ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនទៅ ស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់  ដើម្បីធ្វើការសាកសួរ ចំណែករថយន្តបង្ក  ត្រូវបានសមត្ថកិច្ច មូលដ្ឋាន  ប្រគល់អោយ សមត្ថកិច្ចជំនាញ  ចុះមកវាស់វែង  និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ  ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post