header ads

Sponsor

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះរដ្ឋបាលតំបន់ ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ត្រួតពិនិត្យផ្ទះបើកអ៊ីនធឺណែត ២៤ម៉ោងមួយកន្លែង ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែង និងក្រុមប្រើប្រាស់គ្រឿងញៀន ពពាក់ពពូនគ្នា ទាំងយប់ទាំងថ្ងៃ ដោយរកឃើញ មានបង្កប់ល្បែងស៊ីសងខុសច្បាប់  ហ្គេមភ្នាល់ តាមអនឡាញ  រួមទាំងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន និងធ្វើការឃាត់ខ្លួនមនុស្ស១៣នាក់ និងដកហូតទូហ្គេមអ៊ិនធើណែត១៤គ្រឿង យកមកសាលាខណ្ឌច្បារអំពៅ ដើម្បីរង់ចាំសាកសួរបន្ត  និងយកមករក្សាទុករងចាំចាត់ការបន្ត។

ការចុះត្រួតពិនិត្យរដ្ឋបាលនេះ ធ្វើឡើងវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះបើកអ៊ីនធើណេតមួយកន្លែង (ម្ដុំច្រាំងបាក់) លើផ្លូវ៣៦៩ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ក្នុងការចុះរដ្ឋបាលតំបន់ ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ២នេះ ដោយមានការណែនាំនិងបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌច្បារអំពៅ បានឯកភាពអោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ  ចុះត្រួតពិនិត្យរដ្ឋបាលតំបន់ស្មុគស្មាញមួយចំនួន ក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី២  ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានត្រួតពិនិត្យផ្ទះបើកអ៊ីនធឺណេត ២៤ម៉ោងមួយកន្លែង មានទីតាំងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ។

លទ្ធផល ជាក់ស្ដែង  មានបង្កប់ល្បែងស៊ីសងខុសច្បាប់  ហ្គេមភ្នាល់  តាមអនឡាញ , ភ្នាល់ប្រភេទ Banker Player  ចេញពីកាស៊ីណូ , ភ្នាល់ ប្រភេទ Lottos, Slot Machine, Jackpot និងជាទីតាំងសម្រួលដល់អ្នកសេពគ្រឿងញៀនថែមទៀតផង  ដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាព បានឃាត់មនុស្សចំនួន ១៣នាក់ និងដកហូតទូរហ្គេមអុិនធើណែតចំនួន១៤គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមជម្រាបជូនថា លើសពីនេះទៅទៀត វាមិនត្រឹមតែជាប្រភេទល្បែងស៊ីសងនោះទេ វាក៏ជា ប្រភេទហ្គេម ដែលពង្វក់ និងចូលជ្រាបទៅដល់ស្រទាប់ស្មារតីមនុស្សគ្រប់វ័យ យុវជន យុវ សិស្ស និងក្មេងៗ ជាសិស្សសាលាតូចៗ ឲ្យបោះបង់ការរៀនសូត្រចោលហើយ នាំគ្នាមក ពពាក់ពពួនគ្នាលេងយ៉ាងសប្បាយអើងហើងពេលខ្លះអាចបែកគំនិតរហូតប្រព្រឹត្តនូវបទល្មើស លួចឆក់ប្លន់ និងសកម្មភាព អសន្តិសុខផ្សេងៗជាដើម ដើម្បីយកលុយមកបំពេញចំណង់ចិត្ត ខ្លួន ក្នុងការលេងហ្គេម និងល្បែងភ្នាល់អស់ទាំងនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post