header ads

Sponsor

ភ្នំពេញៈ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក  ឌី  រ័ត្នខេមរុណ អភិបាលរង  បន្តដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក  ដោយធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿង ធ្វើការបង់ផាកពិន័យ ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់អោយបានត្រឹមត្រូវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យ ត្រូវកម្លាំងឆែកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំល្មម  បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរភ្លាមៗ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ កាល់តិច(Caltex) ផ្លូវជាតិលេខ២ ភូមិទួលរកា  ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ខណៈដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ កំពុងធ្វើការឃាត់រថយន្ត និង ម៉ូតូជាច្រើនគ្រឿង  ដើម្បីធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង ធ្វើការអប់រំណែនាំឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ស្រាប់តែឃើញមានបុរសម្នាក់(ជនសង្ស័យ) បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda QBix  បិទពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ  1HX-6948 តែម្នាក់ឯង  ចូលមកក្នុងគោលដៅត្រួតពិនិត្យ  ហើយ កម្លាំងក៏បានហៅអែបចូលមកក្នុងសិន  ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន  ២កញ្ចប់ធំល្មម ទើបត្រូវបានកម្លាំងឃាត់ខ្លួន  បញ្ជូនទៅធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងចាត់ការតាមនីតិវិធីច្បាប់។

ការត្រួតពិនិត្យបានបញ្ចប់ នៅម៉ោង២២:០០នាទីយប់ថ្ងៃខែឆ្នាំដដែលនេះ ជាលទ្ធផល បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន៥៧គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន១៩៩គ្រឿង    ។ រថយន្ត ដែលត្រូវបកកញ្ចក់ខ្មៅគ្មាន។ ម៉ូតូអត់ស្លាកលេខត្រូវអប់រំគ្មាន។ ក្នុងនោះម៉ូតូ៣១គ្រឿង ដែលមិនដាក់កញ្ចក់  និងមិនពាក់មួកសុវត្ថិភាព ត្រូវបានឃាត់អប់រំ និងបង់ផាកពិន័យ តាមច្បាប់។

ក្រោយពីត្រួតពិនិត្យចប់ កម្លាំងនគរបាលខណ្ឌមានជ័យ  និងកម្លាំងអាវុធហត្ថខណ្ឌ  បានបន្តចេញល្បាតក្នុងភូមិសាស្រ្ត  និងគោលដៅពួនស្ទាក់រៀងខ្លួន តែចំពោះជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀនឈ្មោះ  សៅ  ហុក ភេទប្រុស  អាយុ២៣ឆ្នាំ  មានទីលំនៅ ភូមិ អូរច្រនាង ឃុំអូរ ច្រនាង  ស្រុកកំពង់ត្រឡាច ខេត្តកំពត ត្រូវបានប្រគល់ឲ្យផ្នែកជំនាញសួរនាំ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post