header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធម៌ ខណៈបើកម៉ូតូ Smash V មួយគ្រឿង ក្នុងល្បឿនលឿន មិនបានដឹង បានជ្រុលទៅបុកផ្ទប់ពីក្រោយ រថយន្តកុងតឺន័រ មួយគ្រឿង ដែលចតស្ងៀមចោល អែបចិញ្ចើមផ្លូវ ត្រង់កន្លែងងងឹតឈឹងពុំមានភ្លើងបំភ្លឺផ្លូវ និងមិនមានដាក់អ្វីសម្គាល់ និងចំណាំងផ្លាតអ្វីនោះទេ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១:២០នាទីយប់ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ  នៅចំណុចជិតមន្ទីរសម្រាកព្យាបាល និងសម្ភព  គ្រួសារយើង  លើផ្លូវទ្រុងមាន់(ហៅផ្លូវ៣០ម៉ែត្រ ) ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

សពជនរងគ្រោះ ឈ្មោះម៉ែន រ៉ានីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន Metfone រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណ៩យប់ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FOSO ក្បាលពណ៌ខៀវ ទូពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 3A-7587 ចតស្ងៀមនៅលើចំណីផ្លូវ នៅកន្លែងកើតហេតុក្នុងទិសដៅត្បូងជើងដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ លុះមកដល់ម៉ោងកើតហេតុ ក៏មានយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1-DH-3149 ធ្វើដំណើរទិសដៅពីត្បូងទៅជើង បុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបោកក្បាលនិងទូកុងតឺន័របែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post